ភ្នំពេញ ៖ ស្រ្តីម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ ចំណែកបុរសម្នាក់ទៀតរងរបួសបែកមុខ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីម ជិះដោយបុរសម្នាក់លឿនជ្រុលបុកជាម៉ូតូហុងដាឌ្រីម ជិះដោយស្ត្រីរងគ្រោះ កំពុងឆ្លងផ្លូវបត់ត្រឡប់ក្រោយ កាលពីវេលាម៉ោង៩និង៤០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-2957 ជិះដោយស្ត្រីម្នាក់ពីកើតទៅលិច ដល់ចំណុចកើតហេតុឆ្លងផ្លូវបត់ត្រឡប់ក្រោយទៅកើត ស្រាប់តែភាគីម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IY-2093 ជិះដោយបុរសម្នាក់ពីលិចទៅកើត លឿនហ្វ្រាំងមិនទាន់ជ្រុលបុក បណ្តាលឱ្យស្ត្រីម្នាក់រងរបួសធ្ងន់ មុខរបរម្នាក់រងរបួសស្រាល ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកជនរងគ្រោះម្នាក់ទៀត ត្រូវបានក្រុមគ្រួសារដឹកយកទៅពេទ្យដោយខ្លួនឯង រីឯម៉ូតូទាំង២គ្រឿង ប្រគល់ឱ្យសមត្ថកិច្ចជំនាញ វាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋាន រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.