តាកែវ ៖ មនុស្ស២នាក់បានស្លាប់ ចំណែកស្ត្រី២នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូFZR1 កម្លាំង1000cc ជិះគ្នា២នាក់ បើកបរល្បឿនលឿន គ្រប់គ្រងស្ថានការណ៍មិនបាន ជ្រុលទៅបុកពីក្រោយម៉ូតូហុងដាឌ្រីម ជិះដោយស្ត្រី២នាក់ កំពុងបត់ឆ្លងផ្លូវ កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៤-៦៥ ភូមិប្រសៀត ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីខាងម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1K-1215 បើកដោយឈ្មោះ មិត្ត ស្រីឆាយ ភេទស្រី អាយុ២២ឆ្នាំ (ស្លាប់) រួមដំណើរជាមួយស្ត្រីម្នាក់ទៀត របួសស្រាល មានទីលំនៅក្បែរកន្លែងកើតហេតុ ។ ចំណែកភាគីខាងម៉ូតូ YAMAHA FZR1 1000cc ពណ៌ក្រហម លឿង ពាក់ស្លាកលេខ ភ្នំពេញ 1JO-4984 បើកបរដោយឈ្មោះ ម៉ាក ភីរម្ភ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិត្នោតជុំ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ (ស្លាប់) រួមដំណើរជាមួយស្ត្រីម្នាក់ រងរបួសធ្ងន់ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ភាគីខាងម៉ូតូហុងដាឌ្រីម ជិះឌុបគ្នាពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែភាគីម៉ូតូFZR1 ជិះឌុបគ្នាលឿន ពីត្បូងទៅជើង ហ្វ្រាំងមិនទាន់ជ្រុលបុកពីក្រោយ បណ្តាលឱ្យអ្នកបើកម៉ូតូ សងខាងបានស្លាប់ ចំណែកអ្នករួមដំណើរសងខាង ម្នាក់របួសស្រាល ម្នាក់របួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែកសពជនរងគ្រោះ២នាក់ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកម៉ូតូទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.