ត្បូងឃ្មុំៈ ក្រុមហ៊ុនចំនួន២មិនអស់ចិត្ត បន្ទាប់ពីបានចូលរួមដេញថ្លៃកាលពីថ្ងៃទី២៦ ខែមេសារ ឆ្នាំ២០២៤ ត្រូវបានពន្យាពេលការដេញថ្លៃ ត្រូវលើកទៅពេលក្រោយ។ ខណៈរយៈពេលជិត១ខែ ស្រាប់តែលិចមុខក្រុមហ៊ុន ហង្ស សុខគួយ មកកសាងផ្លូវបេតុងចំនួន២ខ្សែនេះទៅវិញ។ លើសពីនេះទៀត កាលប្រកាសដាក់ឲ្យដេញថ្លៃថវិការតិច ផ្លូវប្រវែងខ្លី  តែដល់ក្រុមហ៊ុនចាត់តាំងសាងសង់ ថវិកាក៏ច្រើន ផ្លូវក៏មានប្រវែងវែងដែរ។

ដោយខាងគណៈកម្មការលទ្ធកម្មឃុំថ្មពេជ្រអះអាងថា ធ្វើតាមសំណូមពររបស់ប្រជាពលរដ្ឋភូមិថ្មពេជ្រទី៣ បានស្នើសុំឃុំជាយូរឆ្នាំមកហើយ បន្ទាប់ពីមានការឯកភាពពី ស្រុក ពីនាយកទីចាត់ការ ផែនការវិនិយោគខេត្ត និងលោកអភិបាលខេត្ត ជាម ចន្ទសោភ័ណផងដែរ។ 

លោក តន់ ធា មេឃុំថ្មពេជ្រមានប្រសាសន៍ឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋនៅភូមិថ្ម​ពេជ្រ​ទី៣ ដែលមានចំនួនជាង៣០០គ្រួសារ បានស្នើសុំ​មកឃុំឲ្យជួយធ្វើផ្លូវបេតុងចំនួនពីរខ្សែដែលមានប្រវែងជាង៦០០ម៉ែត្រ ត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈដោយធ្វើឡើងកាលពីថ្ងៃ ខែ ឆ្នាំ ខាងលើ ក្នុងគ្រានោះដែរ ឃើញមានក្រុមហ៊ុនមកច្រើនតែមិនដាក់សំណើក្នុងប្រអប់នោះទេ គឺមានតែក្រុមហ៊ុន ហង្ស សុខគួយ តែ១ប៉ុណ្ណោះ។ 

លោកមេឃុំថ្មពេជ្រ មានប្រសាសន៍បន្តថា ចំពោះផ្លូវបេតុងមានទទឹង៣ម៉ែត្រប្រវែង​២៨៦ម៉ែត្រ តម្លៃដាក់ឲ្យដេញថ្លៃជាង ១២៤លានរៀលហ្នឹង ផ្លូវបេតុងទទឹង៥ ម៉ែត្រ បណ្ដោយ៤១០ម៉ែត្រ តម្លៃដាក់ដេញថ្លៃជាង ២៩៨លានរៀល ។ ផ្លូវនេះ គឺឃុំត្រូវផ្តល់លទ្ធភាពជូនគាត់ ព្រោះការដេញថ្លៃមានតែក្រុមហ៊ុន ហង្ស សុខគួយ តែមួយប៉ុណ្ណោះ ដូច្នេះសម្រេចជូនក្រុមហ៊ុននេះ ជាអ្នកសាងសង់ផ្លូវនេះតែម្តងទៅ ។ ក្នុងនោះក៏មានការឯកភាពពី ឃុំ ស្រុក ខេត្តផងដែរ ។ ក្រុមហ៊ុនចាប់សាងសង់នៅថ្ងៃទី២២ មិថុនា រហូតមកដល់ថ្ងៃទី១ កក្កដា ឆ្នាំ២០២៤ គឺរួចរាល់ជាស្ថាពរ ។ 

ក្រុមហ៊ុនទាំងពីរសូមមិនបញ្ចេញឈ្មោះ..បានលើកឡើងថា នៅថ្ងៃទី២៦ មេសា ឆ្នាំ២០២៤ ផ្លូវបេតុងចំនួន២ខ្សែ ក្នុងនោះផ្លូវបេតុងប្រវែង១៧០ម៉ែត្រ ទទឹង៣ម៉ែត្រ កម្រាស់១តឹកកន្លះ ដាក់ឲ្យដេញតម្លៃជាង៦៨លានរៀល ហើយផ្លូវបេតុងប្រវែង១០០ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់១តឹកកន្លះ តម្លៃដាក់ឲ្យដេញជាង៦៧លានរៀល ។ ក្នុងគ្រានោះគឺមានតែក្រុមហ៊ុនចំនួន២ ប៉ុណ្ណោះ ដែលបានដាក់សំណើ ចំណែកក្រុមហ៊ុនហង្ស សុខគួយ វិញមិនបានដាក់សំណើនោះទេ ។ លទ្ធផលស្រាប់តែឃើញផ្លូវបេតុងទាំងពីរខ្សែស្ថាបនារួចរាល់ទើបមានការភ្ញាក់ផ្អើល តើមានហេតុផលដូចម្តេចបានជាអាជ្ញាធរឃុំនេះ បែរជាប្រគល់ការងារនេះឱ្យទៅក្រុមហ៊ុន ហង្ស  សុខគួយ  សាងសង់់ស្ងាត់ៗទៅវិញ ។ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រមហ៊ុនទាំងពីរក៏បានចូលទៅសួរនាំគណៈកម្មការលទ្ធកម្មឃុំថ្មពេជ្រចង់ដឹងពីមូលហេតុការពិត ដោយពួកគាត់លើកឡើងអំពីគម្រោងផ្លូវដែលឃុំបានប្រគល់ទៅឱ្យក្រុមហ៊ុន ហង្ស សុខគួយ ជាអ្នកកសាងនោះ ។ 

ជុំវិញករណីនេះ នារសៀលថ្ងៃទី១ កក្កដា នេះ​យើងបានព្យាយាមទូរសព្ទជាច្រើនលើកទៅក្រុមហ៊ុន ហង្ស សុខគួយ ដើម្បីសុំការបរិយាយដែរ តែទូរស័ព្ទចូលជាច្រើនដង តែមិនព្រមលើក ។  ក្រុមហ៊ុនទាំងពីរ បានស្នើសូមឲ្យក្រសួងមហាផ្ទៃជួយពិនិត្យបញ្ហានេះផង ព្រោះមានក្រុមហ៊ុនជាច្រើនទៀត បានបាត់សិទ្ធិក្នុងការប្រកួតប្រជែង ហើយសិទ្ធិក្រុមហ៊ុន ហង្ស សុខគួយ ជាសិទ្ធិចាត់តាំង ។ មួយវិញទៀតតម្លៃដាក់ឲ្យដេញសរុបតែជាង១៣០លានរៀលទេ ហើយផ្លូវទាំង២ខ្សែប្រវែងតែ២៧០ម៉ែត្រតែប៉ុណ្ណោះ ដល់ពេលចាត់ឲ្យក្រុមហ៊ុន ហង្ស សុខគួយ សាងសង់ផ្លូវប្រវែងជាង៦០០ម៉ែត្រ ហើយតម្លៃជាង៤០០លានរៀលឯណោះ ៕

​អត្ថបទ៖​អាចារ្យលាក់

Share.