ភ្នំពេញ ៖ ស្ត្រីម្នាក់រងរបួសធ្ងន់ ចំណែកបុរសម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ត4Runnerបើកវ៉ាជែងជ្រុលទៅបុកជាមួយរថយន្តPrius ច្រាសទិសនៅគន្លងផ្លូវម្ខាងទៀត កាលពីវេលាម៉ោង២និង២៥នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ភាគីខាងរថយន្តម៉ាក4RUNNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-8888 អ្នកបើកបរគេចខ្លួនបាត់ ។ ចំណែកភាគីខាងរថយន្ត PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BY-3045 បើកបរដោយឈ្មោះ ឯម អាន់ធីរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មន្ត្រីរាជការ មានទីលំនៅផ្ទះ៧៥ ផ្លូវលំ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមដំណើរជាមួយឈ្មោះ ទេត សុីណា ភេទស្រី អាយុ៦០ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅភូមិទំនប់រលក ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រងរបួសធ្ងន់ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្ត4Runnerបើកពីជើងទៅត្បូង ដល់ចំណុចកើតហេតុ វ៉ាជែងយានខាងមុខ ជ្រុលទៅបុកជាមួយរថយន្តPrius កំពុងបើកច្រាសទិសគ្នានៅគន្លងផ្លូវម្ខាងទៀត ធ្វើឱ្យរថយន្តPriusខ្ទាតវិលមួយជុំត្រឡប់ក្រោយ រងរបួសធ្ងន់ស្ត្រីម្នាក់ ។

ក្រោយកើតហេតុ ស្ត្រីរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅ ចំណែករថយន្តទាំង២គ្រឿងរងខូចខាតធ្ងន់ ត្រូវបានប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ យកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.