ភ្នំពេញ: រថយន្តដឹកជញ្ជូនទំនិញក្រុមហ៊ុននាគខៀវ បើកបរលឿនខ្វះការប្រុងប្រយ័ត្ន បួងចង្កូតគេចពីរថយន្តធុនធំជាន់ហ្រ្វាំងឈប់រងចាំភ្លើងស្តុប រេចង្កូតឡើងចិញ្ចើមផ្លូវបុកទម្លុះជញ្ជាំងផ្ទាំងផ្សាយពាណិជ្ជកម្មរងការខូចខាត និងបណ្តាលឲ្យបុរសដើរលក់ទឹកតាមភ្លើងស្តុបម្នាក់របួសជើងធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង១២និង២០នាទីថ្ងៃទី០២ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងម៉ែត្រ(ផ្លូវទ្រុងមាន់)សង្កាត់អូរបែកក្អម ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ រថយន្តដឹកទំនិញក្រុមហ៊ុននាគខៀវ ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3B-8078បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣០ ម៉ែត្រទិសដៅពីត្បូងមកជើងដោយបើកបរពីក្រោយរថយន្តធុនធំមួយគ្រឿងមិនបានស្គាល់ម៉ាក ខណៈមកដល់ចំណុចភ្លើងស្តុបកន្លែងកើតហេតុ រថយន្តខាងមុខជាន់ហ្វ្រាំងឈប់ភ្លើងស្តុប ក៏បូងចង្កូតមកស្ដាំដៃគេចចេញឡើងចិញ្ចើមផ្លូវបុកទម្លុះជញ្ជាំងផ្សាយពាណិជ្ជកម្មខូចខាតនិង បណ្ដាលឲ្យបុរសដើរលក់ម្នាក់របួសជើងធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានមកដល់អនុញ្ញាតឲ្យម្ចាស់រថយន្តហៅរថយន្តមកសាងទំនិញចេញនិងសហការធ្វើការជាមួយជំនាញចរាចរណ៍ ខណ្ឌវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ សេង សាវី

Share.