ភ្នំពេញ៖ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន។

នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សារបាយការណ៍ ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្ត ក៏ដូចជាស្តាប់របាយការណ៍ប្រចាំខែដែលមន្ត្រីជំនាញបានជំរាបជូននៅអង្គប្រជុំ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីទាំងអស់ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ។ ​

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ ក៏បានឱ្យឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោកទាំងអស់ចូលរួមពិនិត្យពិភាក្សារបាយការណ៍ស្តីពីលទ្ធផលសកម្មភាពការងារប្រចាំខែមិថុនា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកក្កដា ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ។ ក្រោយពីមានមតិយោបល់ចូលរួមរួចមក ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ បានធ្វើការណែនាំចំណុចសំខាន់ៗមួយចំនួនផងដែរ។

ក្នុង​កិច្ចប្រជុំ​នេះដែរ​ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គាធិការ បានប្រគល់ប័ណ្ណសរសើរជូនដល់ឯកឧត្តម អគ្គាធិការរង ជាប្រធាន-អនុប្រធាន និងសមាជិកនៃក្រុមការងារស៊ើបអង្កេតស្រាវជ្រាវតាមពាក្យបណ្តឹងពាក់ព័ន្ធនឹងប្រតិបត្តិការរបស់មន្រ្តីរាជការក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពសង្គមស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលបានខិតខំបំពេញភារកិច្ចជូនអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ នាកន្លងមកនេះ។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធានអង្គប្រជុំ​ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង លោកប្រធាននាយកដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

អត្ថបទ៖ សង្គម

Share.