ភ្នំពេញ: អគ្គិភ័យឆាបឆេះបន្ទប់ជាន់ក្រោមដីផ្ទះកំពុងជួសជុលហុយផ្សែងខ្មួលខ្មាញ់បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញជួញបាញ់ពន្លត់ កាលពីវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី០៣ខែ កក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវសហព័ន្ធរ៉ុស្សី ចំណុចផ្ទះលេខ ៥០D ក្រុម០៥ ភូមិ០២ សង្កាត់ផ្សារដេប៉ូទី០៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ម្ចាស់ទីតាំងឈ្មោះ អុឹម ណារិទ្ធ ភេទប្រុស អាយុ៨២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក មុខរបរ នៅផ្ទះ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា គេឃើញផ្សែងហុយទ្រលោម ចេញពីបន្ទប់ក្រោមដី ហើយភាយមកតាមច្រកទ្វារខាងមុខ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយបាញពន្លត់ឱ្យរលត់ទៅវិញនៅវេលាម៉ោង ១១: ២០ នាទីព្រឹកថ្ងៃខែឆ្នាំដដែល។

សមត្ថកិច្ចបានឱ្យដឹងថាករណីអគ្គិភ័យបានឆាប់ឆេះផ្ទះប្រភេទសំណង់ថ្មទំហំ ០៥ម៉ែត្រ x ១៥ម៉ែត្រ បានខូចម្ភារៈ ឆេះអេប៉ុងសាឡុងបន្ទប់ជាន់ក្រោមដី ២០ភាគរយ តែពុំឆេះរាលដាល់ដល់ផ្ទះអ្នកជិតខាងនោះឡើយ។ ចំពោះមូលហេតុបណ្តាលមកពីជាងផ្សារដែកធ្លាក់កម្ទេចភ្លើងឆាបឆេះសាឡុងនៅបន្ទប់ក្រោមដី បង្កជាអគ្គិភ័យតែម្តង៕

អត្ថបទ៖ សេង សាវី

Share.