ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នាថ្ងៃពុធ ថា មនុស្សជិតមួយភាគបួននៃប្រជាជន ១លាននាក់ត្រូវបានជម្លៀសចេញនៅភាគខាងកើតប្រទេសចិន ខណៈដែលព្យុះភ្លៀងបានបោកបក់មកលើប្រទេស និងបណ្តាលឱ្យកម្ពស់ទឹកទន្លេ Yangtze និងទន្លេផ្សេងហក់ឡើងខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៣ ខែកក្កដា ឆ្នាំ២០២៤។
ប្រទេសចិន បាននឹងកំពុងស៊ូទ្រាំនឹងលក្ខខណ្ឌអាកាសធាតុខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ចាប់ពីភ្លៀងធ្លាក់ខ្លាំងរហូតដល់ការកើនឡើងនៃរលកកម្ដៅខ្លាំង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ព្យុះភ្លៀងនេះ បានប៉ះពាល់ដល់អ្នកស្រុកចំនួន ៩៩១,០០០នាក់នៅក្នុងខេត្ត Anhui ហើយបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ២៤២,០០០នាក់គិតត្រឹមរសៀលថ្ងៃអង្គារសប្ដាហ៍នេះ។
បើតាមទីភ្នាក់ងារដដែល បានដកស្រង់ពីនាយកដ្ឋានគ្រប់គ្រងគ្រាអាសន្នខេត្ត ថា គិតត្រឹមម៉ោង ៤រសៀលថ្ងៃអង្គារ ព្យុះភ្លៀងបានបំផ្លិចបំផ្លាញដោយបង្កឱ្យមានការខូចខាតធ្ងន់ធ្ងរ នៅក្នុងតំបន់ និងស្រុកចំនួន៣៦ ក្នុងទីក្រុងចំនួន៧ នៃខេត្ត Anhui ចំណែកឯទឹកទន្លេ Yangtze ដែលជាទន្លេវែងជាងគេបំផុតរបស់ប្រទេសចិន មានកម្រិតទឹកហក់ឡើងខ្ពស់នៅក្នុងខេត្ត Anhui ដោយវាលើសពីកម្រិតប្រកាសអាសន្ន ហើយទឹកទន្លេអាចនឹងបន្តកើនឡើងថែមទៀត។


ភ្លៀងធ្លាក់ខ្លាំងក៏បានធ្វើឱ្យកម្ពស់ទឹកលើសពីកម្រិតប្រកាសអាសន្ននៅក្នុងទន្លេចំនួន២០ និងបឹងចំនួន ៦ផ្សេងទៀត ក្នុងខេត្តនេះផងដែរ។
យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ ស៊ីនហួរ បានឱ្យដឹងថា ទឹកភ្លៀងធ្លាក់ច្រើនជាង ១០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅស្ថានីយ៍អាកាសធាតុរាប់រយកន្លែងនៅទូទាំងខេត្តអានហ៊ុយ ចន្លោះម៉ោង ៥ល្ងាចថ្ងៃចន្ទ និងម៉ោង ៥ល្ងាចដូចគ្នាកាលពីថ្ងៃអង្គារ។ នៅតំបន់ Hexi ជិតទីរួមខេត្ត Hefei កម្ពស់ទឹកកើនឡើងប្រហែល ២៦៦មីលីម៉ែត្រ ត្រូវបានកត់ត្រាទុក ខណៈមន្ត្រីរាប់ម៉ឺននាក់ត្រូវបានដាក់ពង្រាយដើម្បីត្រួតពិនិត្យទំនប់ទឹកនៅតាមដងទន្លេ Yangtze ក្នុងទីក្រុង Anhui។



ទាក់ទិននឹងបញ្ហានេះ ការិយាល័យអាកាសធាតុខេត្ត បានព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅទូទាំងខេត្ត Anhui ចាប់ពីថ្ងៃពុធ រហូតដល់ថ្ងៃសុក្រ សប្ដាហ៍នេះ ហើយបានចេញការព្រមានសម្រាប់ «គ្រោះមហន្តរាយភូមិសាស្ត្រ» នៅក្នុងតំបន់ភាគខាងត្បូងផងដែរ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ទឹកជំនន់នៅកណ្តាលខេត្តហ៊ូណាន បានឆក់យកជីវិតមនុស្ស ៥នាក់កាលពីខែមុន ខណៈការរអិលបាក់ដីនៅក្នុងខេត្ត តែមួយនោះ បានសម្លាប់មនុស្ស ៨នាក់។ ជាមួយគ្នា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ក៏បានបណ្តាលឱ្យមនុស្ស ៣៨នាក់ស្លាប់នៅក្នុងខេត្ត Guangdong ភាគខាងត្បូងក្នុងខែមិថុនា នេះ។
សូមជម្រាបថា ការប្រែប្រួលអាកាសធាតុ បណ្ដាលឱ្យមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានគ្រោះមហន្តរាយ បណ្ដាលឱ្យមានមនុស្សស្លាប់នៅភាគខាងត្បូងប្រទេសចិន ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ៕

