ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង ម្តាយយំពោកខ្លួន ចំណែកមនុស្សប្រុសស្រីចំនួន៤នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តកាមរីស្វិត បើកលឿនវ៉ាជែងរថយន្ត ជ្រុលបុករះម៉ូតូចំនួន៣គ្រឿងច្រាសទិស ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ជនរងគ្រោះស្លាប់ម្នាក់នៅកន្លែងមានឈ្មោះ ថន ចាន់ធា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ មានឪពុកឈ្មោះ ម៉ៃ ថន អាយុ៦៣ឆ្នាំ មុខរបរកសិករ ម្តាយឈ្មោះ សន សណ្តាន់ អាយុ៦០ឆ្នាំ មុខរបរ កសិករ មានកូនប្រុសចំនួន៥នាក់ ជនរងគ្រោះជាកូនទី៤ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1AL-8662 ជិះដោយជនរងគ្រោះឈ្មោះ ថន ចាន់ធា ភេទប្រុស អាយុ១៩ឆ្នាំ (ស្លាប់) ។ ភាគីម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-1628 ជិះដោយជនរងគ្រោះឈ្មោះ សុខ ភារុណ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិដូនឡី ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសធ្ងន់ បែកប្រអប់ជើងឆ្វេង ។ ភាគីម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1O-9761 ជិះគ្នា៣នាក់ប្រពន្ធនិងប្អូន បើកដោយឈ្មោះ គ្រី ឧត្តម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ រួមដំណើរដោយឈ្មោះ សុខ ស្រីនាង ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការនីរោងចក្រ (ប្រពន្ធ) និងឈ្មោះ គ្រី សុម៉ាលី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ (ប្អូន) ទាំង៣នាក់មានទីលំនៅភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រងរបួសស្រាល ។ រីឯរថយន្តបង្កម៉ាកកាមរីស្វិត ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2B-8486 បើកបរដោយបុរសម្នាក់ បានគេចខ្លួនបាត់ ក្រោយកើតហេតុ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កបើកពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ វ៉ាជែងរថយន្តខាងមុខ ក៏ជ្រុលទៅបុករះម៉ូតូជនរងគ្រោះទាំង៣គ្រឿង ជិះច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ របួសស្រាលចំនួន៣នាក់ ស្រី២នាក់ ហើយរថយន្តទៅមុខជាង៥០ម៉ែត្រទើបឈប់ អ្នកបើកបរចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងរបួសធ្ងន់ម្នាក់ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពន្សាំងដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំណែកជនរងរបួសស្រាល៣នាក់ប្រពន្ធនិងប្អូនស្រី ទៅពេទ្យដោយខ្លួនឯង ចំណែកសាកសពយុវជនម្នាក់ ត្រូវបានសមត្ថកិច្ចពិនិត្យស្លាកស្នាមរួច ប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះមធ្យោបាយពាក់ព័ន្ធ រថយន្តមួយគ្រឿង ម៉ូតូចំនួន៣គ្រឿង ប្រគល់ឱ្យការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ចាត់ចែងវាស់វែងយកទៅរក្សាទុក និងកសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.