ភ្នំពេញ ៖ យុវជនម្នាក់ចូលក្លិបទាក់ទងប៉ះចំសង្សារគេ ចេញមកវិញជិះម៉ូតូគោលបំណងយកទូរស័ព្ទទៅបញ្ចាំ ស្រាប់តែមានជនដៃដល់ តាមគប់បណ្តាលឱ្យបែកក្បាល ដួលម៉ូតូសន្លប់ស្តូក កាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ នៅតាមផ្លូវចោមចៅ ក្បែរក្លិបមីតណាយ ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមមិត្តភក្តិស្គាល់គ្នា បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ន វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅស្រុកគិរីវង់ ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះចូលក្លិបមីតណាយ ហើយបានទាក់ទងជាមួយនារីម្នាក់ ផឹករហូតដល់អស់លុយ ក៏ចេញមកវិញ ជិះម៉ូតូហុងដាឌ្រីម សេរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JX-2040 ក្នុងគោលបំណងយកទូរស័ព្ទទៅបញ្ចាំ ដើម្បីបានលុយមកចូលក្លិបម្តងទៀត ទើបជិះចេញបានបន្តិច ស្រាប់តែមានជនសង្ស័យ ជិះតាមពីក្រោយ ប្រដាប់ដោយដុំថ្ម គប់ក្បាលជនរងគ្រោះបណ្តាលឱ្យបែកហូរឈាម ដួលសន្លប់ស្តូក ជនសង្ស័យជិះគេចទៅបាត់ ។

តែបើតាមមហាជនបានលើកឡើងថា ករណីហឹង្សាខាងលើ ផ្តើមចេញពីការប្រច័ណ្ឌ ជនរងគ្រោះទាក់ទងប៉ះចំសង្សារគេ ធ្វើឱ្យជនសង្ស័យតាមគប់បណ្តាលឱ្យរងរបួស ។

តែទោះជាយ៉ាងណាក្តី សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវ តាមស្វែងរកជនដៃដល់ ករណីបង្កហឹង្សាបណ្តាលឱ្យមានរបួសស្នាមខាងលើ ។ ជនរងគ្រោះក្រោយកើតហេតុត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.