បាត់ដំបង÷ សមត្ថកិច្ចជំនាញចុះឆ្មក់បង្ក្រាប និងដកហូតទឹកដោះគោស្រស់ខូចគុណភាពជាង ៧០កេស ខណ:ក្រុមឈ្មួញលួចនាំចេញពីប្រទេសថៃ សង្ស័យឆ្លងកាត់តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ប្រុងនាំចូលទីផ្សារទីប្រជុំជនក្រុងបាត់ដំបង។

នគរបាលជំនាញបានបញ្ជាក់ឲ្យដឹងថា÷ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តបាត់ដំបង ព្រមទាំងតំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី ០២ ខែកក្កដា ឆ្នាំ ២០២៤នេះបានសម្រេចដុតកម្ទេចចោលនូវទឹកដោះគោស្រស់ ម៉ាក DUTCHMILL សរុបចំនួន ៧១កេស ស្មើនឹងចំនួន ១ ៨៦៣ដប ក្រោយក្រុមហ៊ុន យូអិនធីហ្វូលសេល ខូអិលធីឌី បានប្តឹងដល់នគរបាលជំនាញក្នុងករណីនាំចូលដោយខុសច្បាប់ នូវផលិតផលខូចគុណភាពទាំងស្រុងដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពអ្នកទទួលទាន និងកិត្តិយសរបស់ក្រុមហ៊ុនដែលមានច្បាប់អនុញ្ញាតមានបទដ្ឋានបច្ចេកទេ្ទសត្រឹមត្រូវ។

ផលិផលទឹកដោះគោស្រស់ដែលក្រុមឈ្មួញបន្លំលួចនាំចូលខុសច្បាប់ សង្ស័យនាំចេញតាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ត្រូវបានសមត្ថកិច្ចចម្រុះ បង្ក្រាបដកហូតនៅត្រង់ចំណុចស្រុកកំរៀង និងចំណុចភូមិសាស្ត្រក្រុងបាត់ដំបង ស្របពេលដែលឈ្មួញកំពុងនាំចូលគ្មានការអនុញ្ញាតរំលោភសិទ្ធិរបស់ក្រុមមម្ចាស់ក្រុមហ៊ុនស្របច្បាប់។

សំណាកវត្ថុតាងខូចគុណភាពទាំងអស់ខាងលើ ត្រូវសមត្ថកិច្ច និងមន្ត្រីជំនាញ សម្រេចដុតបំផ្លាញចោលក្នុងភូមិសាស្រ្តស្រុកសង្កែ ខេត្តបាត់ដំបង ជាទីតាំងអំណោយផលមិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឡើយ៕

អត្ថបទ: ដំបងក្រញូង

Share.