កំពង់ចាម៖ នៅថ្ងៃទី០២ ខែ កក្កដា ឆ្នាំ ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃឈរ បានចុះស្រាវជ្រាវករណីឆេះផ្ទះមួយកន្លែង កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង១១: ៣០ នាទី នៅចំណុចភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម រហូតឈានទៅដល់ការឃាត់ខ្លួនយុវជនម្នាក់មកសួរនាំ ​ដោយសង្ស័យថាជាអ្នកលួចផ្ទះជនរងគ្រោះ។

ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ណុន ឡៃស្រ៊ន់ ភេទស្រី អាយុ ៥៥ ឆ្នាំជនជាតិខ្មែរ និងប្តីឈ្មោះ យ៉ែម នុយ អាយុ ៦០ ឆ្នាំ ជនជាតិខ្មែរ បានបាត់បង់ផ្ទះមួយខ្នងទាំងស្រុង ទំហំ ៨ ម៉ែត្រ x ៩ ម៉ែត្រ សង់ពីឈើ ប្រក់ក្បឿង ជញ្ជាំងក្តា រនាបឬស្សី និងឆេះសម្ភារៈប្រើប្រាស់មួយចំនួន។

តាមប្រភព័ត៌មានបានឱ្យដឹងថា កាលេពីវេលាម៉ោង១១: ៣០ នាទី ថ្ងៃទី៣០ ខែមិថុនា​ អគ្គិភ័យបានឆាបឆេះផ្ទះមួយខ្នង ដែលម្ចាស់ផ្ទះបានចាក់សោរទុកចោល ហើយនាំគ្នាចំណាកស្រុក ទៅធ្វើការនៅខាងក្រៅប្រទេស អស់មួយខ្នងទាំងស្រុង។ លុះដល់ម៉ោង១៥៖៤០ នាទីថ្ងៃដដែល កម្លាំងជំនាញបានចុះធ្វើស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ណុន សុខឡូ ហៅក្លូ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិផ្ទះខ្ពស់ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាមមកធ្វើការសាកសួរ ដោយសង្ស័យថាជាអ្នកដុតផ្ទះរបស់ជនរងគ្រោះ។

ក្រោយឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសាភាពថា ខ្លួនពិតជាបានដុតផ្ទះជនរងគ្រោះពិតប្រាកដមែន ដោយសារតេឺខ្លួនមានគំនុំជាមួយនឹងជនរងគ្រោះពីមុនមក។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

អត្ថបទ៖អាចារ្យលាក់

Share.