ជំងឺ​បេះដូង​របស់​ទារក និង​កុមារ ដែល​មាន​តាំង​ពី​កំណើត ជា​ជំងឺ​ដ៏​កាច​សាហាវ និង​បាន​ផ្ដាច់​ជីវិត​កុមារ​កម្ពុជា​រាប់​មិន​អស់ ហើយ​ការ​ព្យាបាល គឺ​មាន​ភាព​ស្មុគស្មាញ និង​ចំណាយ​ថវិកា​ច្រើន​សន្ធឹក ប៉ុន្តែ​សម្រាប់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា គឺ​នៅ​តែ​រក្សា​បាន​នូវ​ការ​ព្យាបាល​ជំងឺ​នេះ ដោយ​មិន​គិត​ថ្លៃ​សូម្បី​តែ​មួយ​រៀល​។

គិត​ចាប់​តាំង​ពី​ឆ្នាំ ២០១១ មក​ដល់​ពាក់​កណ្ដាល​ឆ្នាំ ២០២៤ មន្ទីរ​ពេទ្យ​គន្ធបុប្ផា​បាន​វះកាត់​ព្យាបាល ជំងឺ​បេះ​ដូង​កុមារ​បាន​ប្រមាណ​ជាង ៦​ពាន់​ករណី​។ ក្នុង​នេះ​នៅ​មន្ទីរ​ពេទ្យ ជ័យវរ្ម័នទី៧ ឬ​គន្ធបុប្ផា​សៀមរាប​មាន​ជាង ៤​ពាន់​ករណី និង​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ភ្នំពេញ​ជិត ២​ពាន់​ករណី​។ បើ​គិត​ទាំង​ការ​ព្យាបាល​ដោយ​មិន​វះ​កាត់ ២​ពាន់​ករណី​ទៀត សរុប គឺ​៨​ពាន់​ករណី​។

លោក​វេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធាន​ផ្នែក​វះកាត់​បេះដូង​កុមារ នៃ​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី៧ ឬ​គន្ធបុប្ផា​សៀមរាប​បាន​ប៉ាន់​ប្រមាណ​តម្លៃ​នៃ​ការ​វះកាត់​ព្យាបាល​បេះដូង​របស់​កុមារ ដែល​មាន​លក្ខណៈ មិន​សូវ​ជា​ស្មុគស្មាញ​ខ្លាំង ក៏​ឃើញ​ថា ចំណាយ​អស់​ខ្ទង់​ជាង​៣ពាន់​ដុល្លារ ទៅ​៤​ពាន់​ដុល្លារ​ដែរ ដោយ​មិន​ទាន់​គិត​ពី​ការ​ចំណាយ​លើ​ការ​ថែទាំ​បន្ទាប់​ពី​វះកាត់​រួច​នោះ​ឡើយ​។

លោក​វេជ្ជបណ្ឌិត ប៉ុន ឡាឌីន ប្រធាន​ផ្នែក​វះកាត់​បេះដូង​កុមារ

លោក​វេជ្ជបណ្ឌិត​បញ្ជាក់​ថា អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​ពី​កំណើត​របស់​កុមារ​មាន​ប្រមាណ ០​,​៥ – ១​ភាគរយ ពោល​ក្នុង​ចំណោម​កុមារ ១០០​នាក់ មាន​ម្នាក់​អាច​នឹង​កើត​ជំងឺ​បេះដូង​ពី​កំណើត​។ មុន​នឹង​បើក​ដំណើរការ​ការ​ព្យាបាល​ជំងឺ​នេះ​នៅ​ឆ្នាំ​២០១១ សម្រាប់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា បើ​ទោះបីជា​អត្រា​ស្លាប់​នៃ​អ្នក​ជំងឺ​មាន​កម្រិត​ទាប​មែន ប៉ុន្តែ​ភាគ​ច្រើន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ពី​កំណើត​។ ដូច្នេះ​ហើយ ទើប​លោក​វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ (Beat Richner) ស្ថាបនិក​មន្ទីរពេទ្យ បាន​ផ្ដួចផ្ដើម​បង្កើត​ឲ្យ​មាន​ផ្នែក​វះកាត់​ព្យាបាល​បេះដូង​របស់​កុមារ​។

លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធាន​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧

បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ​២០១១ ដោយ​មាន​វេជ្ជបណ្ឌិត​ជំនាញ​ពី​បរទេស​ជួយ​ដឹកនាំ​ផង មួយ​ថ្ងៃ គិត​ជា​មធ្យម ផ្នែក​វះកាត់​បេះ​ដូង​កុមារ ទទួល​អ្នក​ជំងឺ​ចន្លោះ​ពី​ម្នាក់​ទៅ​ពីរ​នាក់​។ ២​ឆ្នាំ​បន្ទាប់​មក ដំណើរការ​នៃ​ការ​វះកាត់​ព្យាបាល​ជំងឺ​ដែល​មាន​លក្ខណៈ​ស្មុគស្មាញ​មួយ​នេះ ធ្វើ​ឡើង​ដោយ​វេជ្ជបណ្ឌិត និង​គ្រូពេទ្យ​កម្ពុជា​ទាំង​អស់​។ ជាមួយ​គ្នា​នេះ លោក​សាស្ត្រាចារ្យ យ៉ៃ ចន្ទនា ប្រធាន​មន្ទីរ​ពេទ្យ​ជ័យវរ្ម័ន​ទី៧ បាន​គូស​បញ្ជាក់​ថា ការ​ចំណាយ​ទៅ​លើ​ការ​ព្យាបាល និង​វះកាត់​ជំងឺ​បេះដូង​កុមារ របស់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ ដោយ​មិន​គិត​ថ្លៃ​សូម្បី​ ដំណើរការ​បាន គឺ​ជា​ចំណែក​មួយ​នៃ​ថវិកា​ដែល​បាន​មក​ពី​សប្បុរសជន​នានា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដោយ​បាន​បរិច្ចាគ​តាម​រយៈ​មូលនិធិ​គន្ធបុប្ផា​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.