អង្គភាព​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ចាត់​ទុក​ការ​ចេញ​ផ្សាយ​អំពី​ចំណាត់​ថ្នាក់​បទល្មើស​ព្រហ្មទណ្ឌ របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​មួយ​ចំនួន មាន​ចេតនា​មិន​ល្អ និង​ធ្វើ​ឲ្យ​ខូច​កិត្តិយស​របស់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ឧបាយកល​បន្លាច​ភ្ញៀវទេសចរ និង​អ្នក​ជំនួញ ឲ្យ​មាន​ការ​ភ័យខ្លាច និង​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ចូល​មក​ប្រទេស​កម្ពុជា​។ អង្គភាព​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​យល់​ថា ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អវិជ្ជមាន ជ្រុល​លើស​ពី​ការ​ពិត​ទាំង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​របៀប​វារៈ ដែល​មាន​ការ​រៀបចំ​ទុក​ដើម្បី​វាយ​ប្រហារ​មក​លើ​ប្រទេស​កម្ពុជា​ដោយ​អគតិ​។

ប្រតិកម្ម​របស់​ក្រសួង​មហាផ្ទៃ​នេះ ធ្វើ​ឡើង​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​អំពី​ចំណាត់​ថ្នាក់ នៃ​សន្ទស្សន៍​បទល្មើស​ព្រហ្មទណ្ឌ​របស់​ប្រទេស​នានា​លើ​សកលលោក និង​សន្ទស្សន៍​បទល្មើស​ព្រហ្មទណ្ឌ​របស់​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ របស់​គេហទំព័រ NUMBEO ។ NUMBEO គឺ​ជា​គេហទំព័រ​ទិន្នន័យ​ដែល​បាន​ពី​ការ​បញ្ចូល​របស់​អ្នក​មហាជន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត និង​មាន​ប្រភព​មក​ពី​អឺរ៉ុប​កណ្ដាល មូលដ្ឋាន​នៅ​ប្រទេស​សឺប៊ា (Serbia)។

NUMBEO បាន​ដាក់​ប្រទេស​កម្ពុជា​លើ​លេខ​រៀង​ទី១ ដែល​មាន​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ច្រើន​ជាង​គេ ក្នុង​ចំណោម​ប្រទេស​អាស៊ាន ដោយ​មាន​សន្ទស្សន៍ ៥២.៨% និង​សន្ទស្សន៍​សុវត្ថិភាព​ត្រឹម ៤៧.២% ប៉ុណ្ណោះ​។ បន្ទាប់​មក​គឺ​ប្រទេស​ម៉ាឡេស៊ី មាន​សន្ទស្សន៍ ៥០​.​៧​% និង​សន្ទស្សន៍​សុវត្ថិភាព ៤៩​.​៣%​។

បើ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​នានា​លើ​សកលលោក NAMBEO ដាក់​កម្ពុជា​ក្នុង​លេខរៀងទី៧ បន្ទាប់​ពី​ម៉ុង​ហ្គោល និង​តោង​ពី​ក្រោយ​ដោយ​ម៉ាឡេស៊ី​។

អង្គភាព​អ្នក​នាំ​ពាក្យ​សួង​មហា​ផ្ទៃ​តាម​រយៈ​លោក​បណ្ឌិត ទូច សុឃៈ (​សុខៈ​) អ្នក​នាំ​ពាក្យ​រង គូស​បញ្ជាក់​ថា ក្រសួង​មហាផ្ទៃ​បាន​យក​ទិន្នន័យ​ដែល​បាន​ចេញ​ផ្សាយ​ទាំង​នោះ​មក​ធ្វើ​ការ​ផ្ទៀងផ្ទាត់ និង​សន្និដ្ឋាន​អំពី​ផល​វិបាក​វិជ្ជមាន និង​អវិជ្ជមាន ព្រម​ទាំង​ចេតនា​នៃ​ការ​ផ្សព្វផ្សាយ​យ៉ាង​ហ្មត់ចត់​។ ជា​លទ្ធផល គឺ​ពុំ​ឃើញ​មាន​លក្ខណៈ​ត្រឹមត្រូវ ពិត​ប្រាកដ ជាក់​ស្ដែង​នោះ​ទេ ហើយ​ក៏​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​ជួយ​ជ្រោមជ្រែង ជា​ទិន្នន័យ និង​អនុសាសន៍​កែ​លម្អ​អ្វី​ដែរ​។ ផ្ទុយ​ទៅ​វិញ បែរ​ជា​មាន​ចេតនា​ជាន់​ពន្លិច​កេរ្តិ៍ឈ្មោះ និង​ប៉ែង​ជើង​ប្រទេស​កម្ពុជា​។

លោក​បណ្ឌិត​ក៏​បាន​ពន្យល់​ថា ចាប់​តាំង​ពី​កម្ពុជា​សម្រេច​ដំណើរការ​លើ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ក្រុម​បរទេស​និយម និង​បណ្ដា​ប្រទេស​ដែល​មាន​ចិត្ត​ច្រណែន​ឈ្នានីស បាន​រៀបចំ​របៀប​វារៈ​ផ្សេង​ដើម្បី​វាយ​ប្រហារ​មក​លើ​កម្ពុជា ក្នុង​នោះ​មធ្យោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​ជា​គោលដៅ​ចម្បង​មួយ​ផង​ដែរ​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.