បទ អើយរ៉ា

កម្សត់ អើយរ៉ា ធ្លាប់កម្សត់           ខ្សោយខ្សត់ អើយរ៉ា ឯកាក្រៃ

សង្គ្រាម អើយរ៉ា ខ្មែរល្ហិតល្ហៃ        ទន់ដៃ អើយរ៉ា ដួលដេកដាប។

គេចាក់ អើយរ៉ា ធាក់បំបែក          ចង់ហែក អើយរ៉ា រួមធ្វើបាប

ជាប់ឈ្មោះ អើយរ៉ា ស្អុយឆ្អេះឆ្អាប  ក្រិសក្រាប អើយរ៉ា ធ្លាក់ក្រក្រី។

គេឃើញ អើយរ៉ា យើងរួមខ្លាំង      គេតាំង អើយរ៉ា ប្រឹងឃ្មាតខ្មី

រៀបកល អើយរ៉ា សារជាថ្មី          ដើម្បី អើយរ៉ា ដុតកម្តៅ។

បញ្ឆេះ អើយរ៉ា ភ្លើងកំហឹង           គេប្រឹង អើយរ៉ា ញុះពីក្រៅ

ឲ្យខ្មែរ អើយរ៉ា ខឹងមួម៉ៅ             សំដៅ អើយរ៉ា មេដឹកនាំ។

គេហៅ អើយរ៉ា កងកម្លាំង           ប្រឆាំង អើយរ៉ា កុំឲ្យទ្រាំ

ប្រាប់រាស្ត្រ អើយរ៉ា យកលំនាំ       ខ្ទេចខ្ទាំ អើយរ៉ា ដូចស្រុកខ្លះ។              

យុវជន អើយរ៉ា កុំជឿឡើយ         ឃើញហើយ អើយរ៉ា គ្រោះថ្នាក់ណាស់

ក្រែងចាញ់ អើយរ៉ា ជនបោកប្រាស់         ដានចាស់ អើយរ៉ា    នៅក្រឡៅ។

ខ្មែរគួរ អើយរ៉ា ស្រុះស្រួលគ្នា        នាមជា អើយរ៉ា ខ្មែររួមផៅ

រាប់គ្នា អើយរ៉ា ទាំងក្នុងក្រៅ         រួមដៅ អើយរ៉ា អភិវឌ្ឍ។

ក្រោមម្លប់ អើយរ៉ា ភាពសុខសាន្ត  ជាតិថ្កាន អើយរ៉ា ខ្ពស់មុខមាត់

ជាតិខ្លាំង អើយរ៉ា រាស្ត្រជួយរដ្ឋ      រាស្ត្រភ្លាត់ អើយរ៉ា រដ្ឋប្លាតភ្លូក៕      

អត្ថបទ៖សំ នឿន                                          

Share.