សិល្បៈជាតិ៖ សិល្បករ ព្រហ្មពន្លឺ ប្រកាសត្រៀមនឹងរៀបចំកម្មវិធីដេញថ្លៃគំនូរជាលើកទី ២ ដើម្បីប្រមូលថវិកាយក មកប្រើប្រាស់លើការព្យាបាលជំងឺមហារីករបស់កូនប្រុស គឺអូនតូចឆាលី។

សិល្បករូបនេះបានប្រាប់នៅចំពោះមុខអ្នកសារព័ត៌មានថា ដោយសារបច្ចុប្បន្នស្ថានភាពសុខភាពរបស់កូនប្រុសមានភាពល្អប្រសើរបាន ៦០ ភាគរយហើយ ប៉ុន្តែពេទ្យជំនាញតម្រូវបន្តព្យាបាលជំងឺរបស់ឆាលីដោយការចាក់ថ្នាំគីមីបន្ថែមទៀត ដើម្បីឱ្យ ឆាលី កាន់តែឆាប់បានជាសះស្បើយ ១០០ភាគរយ។
មែនទែនទៅការព្យាបាលរាល់តំណាក់កាលនីមួយៗមានខ្ទង់ចំណាយច្រើន និងហួសពីដែនលទ្ធភាពដែលលោកមាន ទើបសិល្បករ ព្រហ្មពន្លឺ បានសម្រេចចិត្តថា លោកនឹងរៀបចំកម្មវិធីដេញថ្លៃគំនូរជាលើកទី ២ នេះឡើង ដោយប្រមូលសិល្បករល្បីៗមានស្នាដៃឆ្នើម និងតារាសិល្បៈមានឈ្មោះបោះសំឡេងមកចូលរួម។



សម្រាប់អ្នកនាង សុភ័ក្រ ហៅអ៊ីវ៉ា ជាស្ថានិកនៃសាលាបណ្ដុះបណ្ដាលដើរម៉ូដ រាំ និងច្រៀង ក៏បានចូលរួមជួយរៀបចំកម្មវិធីដេញថ្លៃគំនូរជាលើកទី ២ នេះ ដោយអ្នកនាងសម្លឹងឃើញថា ការជួយសង្គ្រោះកុមារមានជំងឺមហារីកគឺជារឿងចំបាច់បំផុតដែលមិនគួរមើលរំលង។
សូមជម្រាបថា កម្មវិធីដេញថ្លៃគំនូរលើកទី ២ ដើម្បីរ៉ៃអង្គាសថវិកាជួយដល់ការព្យាបាលជំងឺមហារីករបស់អូនតូច ឆាលី គឺត្រៀមនឹងធ្វើឡើងនៅថ្ងៃទី ១៣ កញ្ញា ឆ្នាំ ២០២៤ នៅក្នុងបរិវេណអាគារ CEO Center ដែលតម្លៃសំបុត្រចូលរួម ៨ ដុល្លារ៕

