ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ វរសេនីយ៍ឯក JONATHAN P HALLARA PAF (GSC) នាយការិយាល័យអនុព័ន្ធយោធាថ្មី នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ ក្នុងឱកាសដែលរូបលោកត្រូវបានតែងតាំងមកបំពេញបេសកកម្មការទូតយោធានៅកម្ពុជា។

នៅក្នុងជំនួបផ្លូវការនេះ ភាគីទាំងពីរបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន ដែលត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់នាពេលកន្លងមក។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វរសេនីយ៍ឯក JONATHAN P HALLARA PAF (GSC) និងបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា ក្នុងអាណត្តិបេសកកម្មការទូតយោធាថ្មីនេះ លោកនាយការិយាល័យអនុព័ន្ធយោធា នឹងខិតខំប្រឹងប្រែងបន្តលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើន និងជិតស្និទ្ធបន្ថែមទៀត។

សូមជម្រាបថា តាមរយៈជំនួបដ៏មានសារៈសំខាន់នេះក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាលធនធានមនុស្ស និងការហ្វឹកហ្វឺនយោធា សំដៅរួមចំណែកថែរក្សាសន្តិសុខ ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់ទាំងមូលផងដែរ៕

Share.