សហព័ន្ធស្រូវអង្ករកម្ពុជានៅថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៤នេះ ​បានរៀបចំកម្ម វិធី  «វេទិកា ស្រូវអង្ករកម្ពុជាលើកទី៧ ឆ្នាំ២០២៤» ក្រោមប្រធានបទ៖ «ការប្រែក្លាយ ខ្សែច្រវាក់ ផ្គត់ផ្គង់អង្ករកម្ពុជា ឲ្យកាន់តែមានភាពធន់ បរិយាបន្ន និងនិរន្ដរភាព»  ដើម្បី ផ្សព្វផ្សាយអំពីសក្តានុពល នៃវិស័យស្រូវអង្ករកម្ពុជា ទៅកាន់ពិភពលោក។

វេទិកានោះ មានការចូលរួមបើកវេទិកាពីរដ្ឋមន្រ្តី ​លោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំងវត្តមាន ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំ​កម្ពុជា។

អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ គឺវេទិកាស្រូវអង្ករប្រចាំឆ្នាំនេះ នាយក រដ្ឋមន្ត្រីបានផ្តល់កិត្តិយសអញ្ជើញចូលរួមបិទថែមទៀតផង។

ក្នុងនាមជាអ្នកតាមដានស្ថានការណ៍សង្គមមួយរូប ស្មេរយល់ថា បើពិនិត្យមើលទិដ្ឋភាពជា រួមនៃវេទិកាស្រូវអង្ករប្រចាំឆ្នាំនេះ គឺអ្នករៀបចំមានចេតនាបង្ហាញទៅកាន់មហាជន ទាំង ក្នុងនិងក្រៅប្រទេស ថា កម្ពុជាបាននិងកំពុងផ្តោតការយកចិត្តទុកដាក់ទៅលើក ពង្រឹង សមត្ថភាពក៏ដូចជាផលិត ភាពនៃវិស័យកសិកម្មរបស់ខ្លួនសម្រាប់ប្រកួត ប្រជែងទៅកាន់ ទីផ្សារពិភពលោក។

ជាក់ស្តែងមានកិច្ចពិភាក្សាដែលមានវាគ្មិនជំនាញពាក់ព័ន្ធទៅលើប្រធានបទសំខាន់ចំនួន២នៅក្នុងវេទិកានោះ គឺ ទី១ ក្រោមប្រធានបទ «គន្លឺះសំខាន់នៃការប្រកួតប្រជែង និងភាព ធន់លើការធ្វើ កសិកម្ម ដាំដុះស្រូវនៅកម្ពុជា»  និងកិច្ចពិភាក្សាទី២ ក្រោមប្រធានបទ «គោលការណ៍បរិដ្ឋាន សង្គម អភិបាលកិច្ចល្អ និងនិរន្តរភាពហិរញ្ញប្បទានដល់ វិស័យ ស្រូវអង្ករកម្ពុជា»។

បើទោះជាមិនបានចូលរួមស្តាប់កិច្ចពិភាក្សាលម្អិតទៅលើប្រធានបទទាំងពីរនោះក្តី ក៏ស្មេរ អាចសន្និដ្ឋានបានថា រាល់មតិយោបល់របស់អ្នកជំនាញពាក់ព័ន្ធទាំងអស់ ប្រាកដជា នឹង អាចប្រើប្រាស់ធ្វើជាធាតុចូលបន្ថែមទៀតសម្រាប់ក្រសួងស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជាទាំងផ្នែកគុណភាពនៃការផលិតនិងទីផ្សារនាំចេញ។

ដោយសារតែជាវេទិកា ស្រូវអង្ករ នោះវាពិតជាមានការជាប់ពាក់ព័ន្ធដោយមិនអាចកាត់ ផ្តាច់បាននោះឡើយពីការចូលរួមរបស់កសិករ។ក្នុងន័យនេះ វេទិកាស្រូវអង្ករគួរតែជាវេទិកា មួយដែលអាចឲ្យកសិករបានបញ្ចេញយោបល់ បង្ហាញក្តីកង្វល់ ក៏ដូចជាការចង់បានរបស់ ខ្លួនក្នុងនាមជាកសិករដែលតំណាងឲ្យប្រជាជនរហូតដល់៨០ភាគរយនៅក្នុងប្រទេស។

ជារួមមកវិញ ក្រៅពីជាវេទិកាបញ្ចេញសំឡេងរបស់ឈ្មួញឬក៏ឧកញ៉ាខាងវិស័យកសិកម្ម វេទិកាស្រូវអង្ករប្រចាំឆ្នាំគួរតែផ្តល់ឱកាសឲ្យកសិករបានបញ្ចេញសំឡេងដូចគ្នា។ស្មេរយល់ថា  មានវេទិកាស្រូវអង្ករប្រចាំឆ្នាំ ក៏គួរតែមានវេទិកាកសិករ ប្រចាំឆ្នាំដូចគ្នា៕

Share.