សិល្បៈជាតិ៖ ភាពយន្តសម្រាប់បញ្ចាំងចុងឆ្នាំពីផលិតកម្ម LD ដែលមានចំណងជើងថា «ម្ដាយបំពេកូនបណ្ដាសាសម័យលង្វែក» បានធ្វើឱ្យអ្នកទស្សនាទទួលបានអារម្មណ៍ព្រឺព្រួច ភ័យរន្ធត់ ពីការលងបន្លាចរបស់ព្រាយជាម្ដាយ។ លើសពីនេះអ្នកទស្សនាក៏ទទួលបានសារអប់រំពីក្ដីស្រឡាញ់ដែលម្ដាយមានចំពោះកូន និងមិនចង់បាត់បង់កូនជាទីស្រឡាញ់។

អ្នកដឹកនាំរឿងលោក សុខ ឡេង បានលើកឡើងពីចំណុចខ្លឹមនៃសាច់រឿងដែលបានធ្វើឱ្យផលិតកម្មហ៊ានចំណាយទុនផលិតភាពយន្តបុរាណខ្មែរមួយនេះថា ខាងផលិតកម្មគឺបានផ្ដោតសំខាន់ទៅលើសាច់រឿងដែលមានខ្លឹមសារ និងតម្លៃអប់រំ ហើយភាពយន្តនេះបានឆ្លុះបង្ហាញឱ្យឃើញនូវទំហំទឹកចិត្តម្ដាយ។



ងាកមកចាប់អារម្មណ៍តួសម្ដែងវិញម្ដង លោក ត្រា ណាកូ អ្នកម្នាង សិទ្ធី នីកា និងកញ្ញា ឌួង ផៃ ម្នាក់ៗសុទ្ធតែបានរៀបរាប់អំពីការចូលរួមសម្ដែងភាពយន្តបុរាណមួយនេះ ដែលតម្រូវឱ្យចុះថតនៅទីតាំងផ្ទាល់មានព្រៃក្រាស់ៗ និងមានដើមឈើធំ ហើយបានជួបប្រទះនូវហេតុការណ៍រន្ធត់មួយចំនួនដែលមានតាមជំនឿ។ សូមជម្រាបថា ភាពយន្ត «ម្ដាយបំពេកូនបណ្ដាសាសម័យលង្វែក» មានបញ្ចាំងឱ្យទស្សនាចាប់ពីថ្ងៃ ២៥ ខែធ្នូ ឆ្នាំ ២០២៤ តទៅនៅគ្រប់រោងភាពយន្ត៕

