តាកែវ៖ គ្រួសារដែលរងគ្រោះដោយអគ្គិភ័យភ្លើងឆេះផ្ទនៅខេត្តតាកែវមួយគ្រួសារ ត្រូវបានធនាគារជាតិនៃកម្ពុជាខេត្តតាកែវ បានចូលរួមបន្ថយទុក្ខលំបាករបស់គ្រួសាររងគ្រោះ តាមរយ:ការប្តូរក្រដាសប្រាក់ដែលបានឆេះខូចខាត ជាង១១លានរៀល ជូនក្រដាសប្រាក់រៀលថ្មីវិញដែលមានតម្លៃស្មើដោយមិនគិតកម្រៃសេវាអ្វីទាំងអស់។

គួរម្លឹកដែរថា កាលពីយប់ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១២,៣២ នាទីអធ្រាត្រ នៅភូមិជវែង ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង ជាកន្លែងភ្ញាស់ពងទាអស់១ខ្នង ទំហំ៦ម៉ែត្រ គុណនឹង៥ម៉ែត្រ សង់អំពីឈើខាងលើ ក្រោមថ្ម ដំបូលប្រកក្បឿង,និងបានខូចខាតពងទាប្រមាណ២ម៉ឺនពង, ខ្សែកមាស១,៥ ដំឡឹង, ខ្សែដៃមាស១,៥ដំឡឹង, ក្រវិលមាស២ជី, ជញ្ចៀនមាស៩ជី, ជញ្ចៀនប្លាទីន៥ជី, ប្រាក់រៀល ១៥លាន ,ប្លង់ដីមួយចំនួន, ប្រាក់ដុល្លារ ៤០០០$(បួនពាន់ដុល្លារ)។ ក្នុងនោះបានរកឃើញមាស២ជុំវិញរលាយចូលគ្នា។

តាមសមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ម៉ក់ នន ភេទស្រី អាយុ៥៦ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន០៤នាក់ ស្រី០៣នាក់ កូនមានគ្រួសារទៅប្រទេសកូរ៉េ២នាក់ និង កូនរស់នៅក្នុងបន្ទុក០២នាក់។

ក្រោយទទួលបានព័ត៌មាននេះ​ អាជ្ញាធរពាក់ព័ន្ធ បានសងការជាមួយ ធនាគារជាតិនៃកម្ពុជាខេត្តតាកែវ ប្តូរប្រាក់ដែលឆេះជាង១១លានរៀល ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះជាក្រដាសប្រាក់រៀលថ្មីវិញដែលមានតម្លៃស្មើ ដោយមិនគិតកម្រៃសេវាអ្វីទាំងអស់៕

អត្ថបទ៖ ចតុម្មុខ

Share.