ការបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ មិនតម្រូវឱ្យភ្ជាប់ឯកសារយោងបន្ថែមឡើយ ដោយគ្រាន់តែយកអត្តសញ្ញាណបណ្ណចាស់មកបន្តគ្រប់គ្រាន់។ នេះជាការលើកឡើងរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សាយ ម៉េងឈាង អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលបានបង្ហោះលើបណ្ដាញសង្គមហ្វេសបុកផ្ទាល់ខ្លួនរបស់លោក កាលពី១៥ម៉ោងមុននេះ។

ទោះយ៉ាងណា ក្នុងករណីមានការផ្លាស់ប្តូរអាសយដ្ឋានថ្មី ឬការកែប្រែទីតាំងរដ្ឋបាល ដូចជាការបំបែកសង្កាត់ (ឧទាហរណ៍ ស្ទឹងមានជ័យ១, ២, ៣) ប្រជាពលរដ្ឋត្រូវភ្ជាប់សៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅចេញដោយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីអាចធ្វើបន្តសុពលភាពបាន។ ឯកឧត្តម ឧត្តមសេនីយ៍ឯក សាយ ម៉េង ឈាងបន្ថែម។
សូមជម្រាបជូនថា ការចេញ និងបន្តសុពលភាពអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ជាការងារស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលមានតួនាទីធានាភាពត្រឹមត្រូវនៃអត្តសញ្ញាណប្រជាពលរដ្ឋ និងការគ្រប់គ្រងទិន្នន័យស៊ីវិល។ កន្លងមក អាជ្ញាធរបានជំរុញឱ្យប្រជាពលរដ្ឋធ្វើអត្តសញ្ញាណបណ្ណ និងបន្តសុពលភាពឱ្យទាន់ពេលវេលា ដើម្បីងាយស្រួលក្នុងការប្រើប្រាស់សេវាសាធារណៈ និងការធ្វើប្រតិបត្តិការផ្សេងៗ។



