សេដ្ឋកិច្ចជាតិ៖ តាមលេខាធិការដ្ឋានតំបន់សេដ្ឋកិច្ចពិសេសពហុបំណងខេត្តជាប់ឆ្នេរសមុទ្រនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាពេលថ្មីនេះបានឱ្យដឹងថា តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំង ៤ ខេត្ត មានភ័ព្វសំណាងប្រែក្លាយមុខមាត់ជាគោលដៅទេសចរណ៍លំដាប់សកលលោក ក្នុងរយៈពេល ១៥ ឆ្នាំខាងមុខទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ផ្អែកតាម ផែនការមេអភិវឌ្ឍខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា មានចក្ខុវិស័យក្នុងការប្រែក្លាយខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជារួមមានខេត្តព្រះសីហនុ កោះកុង កំពត និងកែប ក្នុងរយៈពេល១៥ឆ្នាំឱ្យក្លាយជា៖
១. គោលដៅទេសចរណ៍ឆ្នេរសមុទ្រលំដាប់សកលលោក៖ ក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិឈានមុខគេ និងលេចធ្លោដែលអាចប្រកួតប្រជែងជាមួយនឹងតំបន់ទេសចរណ៍ឆ្នេរសមុទ្រអន្តរជាតិលំដាប់ពិភពលោកផ្សេងៗទៀត។
២. វេទិកាថ្មីសម្រាប់លើកកម្ពស់សេដ្ឋកិច្ចបៃតង៖ ជាប្រភពនៃថាមពលបៃតងដែលបង្ហាញពីភាពជឿនលឿននៃការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សាហកម្មបៃតង ព្រមទាំងជាកន្លែងបរិវត្តកម្មបៃតងនៃវិស័យហិរញ្ញវត្ថុ និងវិស័យសេវាកម្មផ្សេងទៀត។
៣. កំណើនចំនួនប្រជាជននៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រ៖ នឹងទាក់ទាញនិងមានកំណើនប្រជានកើនដល់ប្រមាណ២លាននាក់ ឬស្មើនឹង១០%នៃចំនួនប្រជាជនកម្ពុជាសរុប។
៤. កំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រចាំឆ្នាំនៃបណ្តាខេត្តជាប់ឆ្នេរសមុទ្រ៖ នឹងកើនឡើងដល់ប្រមាណ២០ប៊ីលានដុល្លារអាម៉េរិក ឬស្មើនឹង១៥% នៃផ.ស.ស. របស់កម្ពុជា៕

