សេដ្ឋកិច្ចពាណិជ្ជកម្ម ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមវេទិកាកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នៅទីក្រុងសៀងហៃ។ វេទិកានេះរៀបចំឡើងដោយសម្ព័ន្ធភស្តុភារកម្មសកល ដើម្បីផ្សព្វផ្សាយអំពីសក្តានុពល និងការវិនិយោគនៅកម្ពុជា។

ក្នុងសុន្ទរកថា ឯកឧត្តមបានសម្តែងការសោមនស្សរីករាយចំពោះការចូលរួមវេទិកានេះ និងរំលេចសក្តានុពលវិជ្ជមានរបស់កម្ពុជា រួមមាន៖

១. សុខសន្តិភាព និងស្ថិរភាពនយោបាយ
២. ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានលំនឹងវិជ្ជមាន
៣. កម្លាំងពលកម្មវ័យក្មេង និងអត្រាទទួលយកការបណ្តុះបណ្តាលខ្ពស់
៤. ការគាំទ្រពីរាជរដ្ឋាភិបាលចំពោះវិស័យឯកជន
៥. របបវិនិយោគទាក់ទាញ បត់បែន និងអនុគ្រោះ
៦. ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលកំពុងអភិវឌ្ឍ
៧. ទីតាំងភូមិសាស្ត្រមានអំណោយផល

ឯកឧត្តមក៏បានបង្ហាញសុទិដ្ឋិនិយមថា វិនិយោគិន និងធុរជននឹងពិនិត្យលទ្ធភាពវិនិយោគ និងសិក្សាស្វែងយល់ពីបរិយាកាសវិនិយោគនៅកម្ពុជា។ លើសពីនេះ កិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ក៏ត្រូវបានចុះហត្ថលេខាក្រោមការសម្តែងសក្ខីភាពរបស់ឯកឧត្តម៕

Share.