កីឡា​ការិនី Chatchu-on Moksri ជា​សមាជិក​ក្រុម​បាល់ទះ​នារី​​ជម្រើស​ជាតិ​ថៃ ជា​​កីឡា​ការិនី​ទី២ ដែល​ចេញ​ទៅ​ប្រកប​អាជីព​នៅ​លីគ​​បាល់ទះ​នារី​​ប្រទេស​ទួរគី Turkish Women’s Volleyball League សម្រាប់​រដូវកាល​ឆ្នាំ​២០២១-២០២២ នេះ​ជាមួយ​ក្លិប Sarıyer Belediyespor។

កីឡា​ការិនី​វ័យ​២២​ឆ្នាំ​រូប​នេះ​​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លិប​បាល់ទះ​ល្បីៗ​ក្នុង​ស្រុក ព្រម​ទាំង​ធ្លាប់​ចេញ​ចូលរួម​ក្រុម PFU BlueCats នៅ​ប្រទេស​ជប៉ុន ចន្លោះ​ឆ្នាំ​២០១៨-២០១៩ ផង​ដែរ។ កីឡា​ការិនី​​កម្ពស់ ១.៨០ម៉ែត្រ​រូប​នេះ​​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​ស៊ីហ្គេម​​៣​សម័យកាល​ជាប់​គ្នា​​គឺ​នៅ​ឆ្នាំ​២០១៥ នៅ​សឹង្ហបុរី ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​២០១៩ នៅ​ហ្វីលីពីន។

អត្ថបទពាក់ព័ន្ធ៖រាជិនី​​បាល់ទះ​ថៃ Ajcharaporn Kongyot ចុះ​កុងត្រា​លេង​ឱ្យ​ក្លិប​​នៅ​លីគ​ទួរគី

នាង​ជា​សមាជិក​ក្រុម​ជម្រើសជាតិ​នារី​ថៃ ទី២​ដែល​ចេញ​ទៅ​​ប្រកប​អាជីព​នៅ​លីគ​បាល់ទះ​ទួរគី បន្ទាប់​ពី​កីឡា​ការិនី Ajcharaporn Kongyot ដែល​ចុះ​កុងត្រា​ជាមួយ​ក្លិប Sarıyer Belediyespor ជាមួយ​គ្នា​កាល​ពី​ខែ​ឧសភា កន្លង​ទៅ៕

Telegram-Troryorng
Share.