កីឡា​ការិនី Ajcharaporn Kongyot សមាជិក​ក្រុម​ជម្រើស​ជាតិ​ថៃ ត្រូវ​បាន​ក្លិប​បាល់ទះ​នៅ​លីគ​កំពូល​​ប្រទេស​ទួរគី Turkish Women’s Volleyball Leagueចុះ​កិច្ចសន្យា​យក​ទៅ​ចូលរួម​ក្នុង​ក្រុម ដើម្បី​ត្រៀម​ប្រកួត​ក្នុង​រដូវកាក​ឆ្នាំ​២០២១-២២ ខាង​មុខ។ នេះ​បើតាម​សេចក្តី​ប្រកាស​របស់​ក្លិប​នៅ​យប់​ថ្ងៃសុក្រ ទី៧ ខែ​ឧសភា ឆ្នាំ​២០២១ ម្សិលមិញ។​​​

ក្លិប​បាល់ទះ Sarıyer Belediyesi Spor Kulübü របស់​ទួរគី បាន​បញ្ជាក់​ថា​​ក្លិប​បាន​ជោគជ័យ​​ក្នុង​កិច្ចពិភាក្សា​ក្នុង​ការ​នាំ​យក​តារា​បាល់ទះ​ពី​ទ្វីប​អាស៊ី Ajcharaporn Kongyot សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ។ កីឡា​ការិនី រូប​នេះ​មាន​កម្ពស់ ១,៨០ម៉ែត្រ ទម្ងន់ ៦៥គីឡូគ្រាម ខណៈ​នាង​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ថៃ តាំង​ពី​ឆ្នាំ​២០១០ មក​ម៉្លេះ។

កីឡា​ការិនី​ខាង​លើ ធ្លាប់​ឈ្នះ​មេដាយ​ជា​ច្រើន​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ថៃ ដូចជា​​មេដាយ​ប្រាក់ ក្នុង​​ពាន Montreux Volley Masters ដែល​រៀបចំ​ឡើង​ដោយ​ប្រទេស​ស្វីស ឆ្នាំ​២០១៦ ឈ្នះ​​មេដាយ​សំរឹទ្ធ​ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​ Asian Games នៅ​ឥណ្ឌូណេស៊ី 2018 Jakarta-Palembang ឈ្នះ​ក្នុង​ពានរង្វាន់ Asian Championship មាន​មេដាយ​មាស នៅ​ 2013 Nakhon Ratchasima មេដាយ​ប្រាក់ 2017 Biñan និង​មេដាយ​សំរឹទ្ធ2015 Tianjin។ ឈ្នះ​មេដាយ​​ក្នុង​ពាន Asian Cup មាន​មេដាយ​មាស 2012 Almaty មេដាយ​សំរឹទ្ធ 2016 Vĩnh Phúc និង​មេដាយ​សំរឹទ្ធ 2018 Nakhon Ratchasima។ ក្រៅ​ពី​នោះ​ឈ្នះ​មេដាយ​មាស​នៅ​ស៊ីហ្គេម ឆ្នាំ​២០១៣ នៅ​មីយ៉ាន់ម៉ា ២០១៥ នៅ​សិង្ហបុរី ២០១៧ នៅ​កូឡាឡាំពួរ និង​២០១៩ នៅ​ហ្វីលីពីន។

នេះ​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ដែល​កីឡា​ការិនី រូប​នេះ​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ប្រទេស​ខណៈ​កាល​ពី​ឆ្នាំ​២០១៣ នាង​ធ្លាប់​ចូលរួម​ក្លិបBank DKI របស់​ឥណ្ឌូណេស៊ី និង​​ក្លិប Jakarta BNI 46 ចន្លោះ​ឆ្នាំ​២០១៨-១៩។ យ៉ាងណា​នាង​ជា​សមាជិក​បរទេស​ទី២ ដែល​ចុះ​ក្នុង​បញ្ជី​ក្លិប Sarıyer Belediyesi Spor Kulübü បន្ទាប់​ពី​កីឡា​ការិនី​អាមេរិក Naya Crittenden ក្នុង​លីគ​បាល់ទះ​នារី​ទួរគី នេះ។ ក្លិប​ជា​សមាជិក​ពាន​លីគ​បាល់ទះ​នារី​ទួរគី ទាំង​​១៤ក្រុម​អាច​ចុះ​បញ្ជី​កីឡា​ការិនី​បរទេស​ក្នុង​ក្រុម​រៀងៗខ្លួន​បាន​៥នាក់ ពី​លើ​បញ្ជី​កីឡា​ការិនី​ទួរគី ដែល​មាន​ស្រាប់៕

Share.