ក្រោយហេតុការណ៍ផ្ទុះអាវុធដែលបង្កឡើងដោយទាហាថៃ បណ្តាលឲ្យទាហាខ្មែរម្នាក់បាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែឧសភាឆ្នាំ២០២៥ថ្មីៗនេះ បញ្ហាព្រំដែនរវាងកម្ពុជានិងថៃ ហាក់បាននិងកំពុងតែឡើងកំដៅខ្លាំង និងនាំឲ្យមានការជជែកវែកញែកយ៉ាងច្រើនក្នុងចំណោមមហាជនទូទៅពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម។
ជាការកត់សម្គាល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចរន្តជាតិនិយម ស្មារតីស្រឡាញ់និងការពារបូរណភាពទឹកដី ហាក់បាននិងកំពុងពុះកញ្ជ្រោលឡើងនៅក្នុងចំណោមជាតិសាសន៍ខ្មែរដែលមានចាប់ពីអង្គព្រះមហាក្សត្រ សម្តេចវររាជមាតាជាតិខ្មែរ ថ្នាក់ដឹកនាំនិងសមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួងស្ថាប័ន ព្រះសង្ឃគ្រប់អង្គ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ។
ជាក់ស្តែង បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញនូវជំហរយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលនៅក្នុងការយកសំណុំរឿងតំបន់ព្រំដែនរវាងកម្ពុជា-ថៃនៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូចប្តឹងទៅតុលាការICJ ទាំងព្រឹទ្ធសភានិងរដ្ឋសភាតាមរយៈអង្គសមាជរួមគ្នាមួយបានប្រកាសគាំទ្រចំពោះជំហររបស់ប្រមុខរាជរដ្ឋាភិបាលដែលបានសម្រេចប្រើប្រាស់យន្តការតុលាការយុត្តិធម៌ អន្តរជាតិដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ចំណែកឯថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន មន្ត្រីរាជការរួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់និងគ្រប់ប្រភេទ ក៏បានចេញញត្តិគាំទ្រជំហររបស់រាជរដ្ឋាភិបាលដូចគ្នា។
ទន្ទឹមនឹងនេះ ព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះវរមាតាជាតិខ្មែរ រួមទាំងជនរួមជាតិដែលមានទាំងម្ចាស់អាជីវកម្ម តារាចម្រៀង សិល្បករ និងប្រជាពលរដ្ឋសាមញ្ញផងនោះ បានព្រះរាជទានព្រះរាជទ្រព្យ និងឧបត្ថម្ភធនធានដែលមានទាំងថវិកានិងសម្ភារៈជូនដល់កងទ័ពឈរជើងនៅជួរមុខថែមទៀតផង។
និយាយជារួមអ្វីដែលជាជំហររួមរបស់កម្ពុជាគឺ ចង់បានព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ ជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ខ្មែរចង់រស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍជ្រកក្រោមទង់ប្រាសាទអង្គរដែលដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ។
និយាយតាមត្រង់ទៅ ខ្មែរយើងតាំងពីដើមរៀងមក គឺតែមានជំហរចង់រស់នៅក្នុងសុខសន្តិភាព មិនបៀតបៀនអ្នកដទៃ ចង់រស់នៅក្នុងភាពជាអ្នកជិតខាងល្អជាមួយប្រទេសដទៃ ប៉ុន្តែក៏មិនអនុញ្ញាតឲ្យសាសន៍ដទៃមកបំពានខ្លួននោះដែរ។ក្នុងន័យនេះ មេដឹកនាំកម្ពុជាជាច្រើនជំនាន់មកនេះ បានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីថែរក្សាទឹកដីមួយនេះឲ្យបានគង់វង្ស បើទោះជាមិនអាចរក្សាបាននូវវិសាលភាពធំទូលាយដូនដូតានៅសម័យអង្គរដ៏រុងរឿងក្តី។
យ៉ាងណាក៏ដោយ បើទោះជាយើងបង្ហាញជំហរថា យើងសុំត្រឹមតែសុខក៏ដោយ ក៏នៅតែមានបរទេសខ្លះ ក្នុងនោះមានទាំងប្រទេសដែលស្ថិតនៅជាប់ប្រទល់ជាមួយគ្នាផងនោះ គេមិនសប្បាយចិត្តនឹងឃើញយើងបានសុខនោះឡើយ ហើយថែមទាំងតាមរករឿងរុកគួនរំខានជាបន្តបន្ទាប់។តាមការកត់សម្គាល់គេតែងតែឆ្លៀតឱកាសកេងចំណេញ មកលើយើងជាបន្តបន្ទាប់ ពិសេសសំណុំរឿងព្រំដែន។គេតែងបង្កបញ្ហាម្តងហើយម្តង រហូតដល់ហ៊ានចូលមកបាញ់ប្រហារមកលើទាហានខ្មែរដែលកំពុងតែឈរជើងនៅក្នុងទឹកដីកម្ពុជាថែមទៀតផង។ គេ(ទាហានថៃ)ចូលឈ្លានពាននិងបាញ់ទាហានខ្មែរ ក្នុងទឹកដីខ្មែរនៅតំបន់មុំ៣ ក្នុងខេត្តព្រះវិហារ តែបែរជាអះអាងថា គេបាញ់ដើម្បីការពារខ្លួនដោយសារតែកងទ័ពខ្មែរបានចូលទៅក្នុងទឹកដីគេទៅវិញ។
ក្រៅអំពីអ្វីដែលស្មេរបានរៀបរាប់ត្រួសៗមុននេះ នៅមានសកម្មភាពរំលោភបំពានជាច្រើនទៀតដែលភាគីថៃបានរំលោភបំពានមកលើកម្ពុជាទាំងនៅតាមព្រំដែនក្នុងខេត្ត ព្រះវិហារនិងនៅតាមបណ្តាខេត្តដទៃទៀតដែលមានព្រំប្រទល់ជាមួយគ្នាពិសេសត្រង់ តំបន់ដែលមិនទាន់មានការកំណត់ខ័ណ្ឌសីមាច្បាស់លាស់។
ក្នុងន័យនេះ ស្មេរគប្បីរម្លឹកប្រសាសន៍របស់សម្តេតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាបន្តិច។សម្តេបានមានប្រសាសន៍នៅក្នុងអង្គសមាជរួមរវាងព្រឹទ្ធសភានិងរដ្ឋសភាពនាពេលថ្មីៗនេះថា កម្ពុជាគ្មានត្រូវការទឹកដីអ្នកណាទេ កម្ពុជាបាត់បង់ទឹកដីច្រើនណាស់ហើយ កម្ពុជាក៏មិនទាមទារយកទឹកដីត្រឡប់មកវិញដែរ តែកម្ពុជាសុំរក្សាសិទ្ធិការពារទឹកដីរបស់ខ្លួនតែប៉ុណ្ណោះ មិនអាចឱ្យអ្នកណាផ្សេងមកដណ្តើមយកនោះទេ។
យ៉ាងណាក៏ដោយ បើយើងពិនិត្យមើលទៅលើភាគីថា ឯណោះវិញឃើញថា បន្ទាប់ពីកម្ពុជាបានប្រកាសជំហរប្តឹងទៅតុលាការ ICJ នាទីក្រុងឡាអេ បែរជាមិនចង់ចូលរួមដោះស្រាយតាមយន្តការនេះទៅវិញ ។ថៃចង់បានការដោះស្រាយបញ្ហាតាមយន្តការចរចាទ្វេភាគី ទាំងដែលយន្តការនេះហាក់បានមានប្រសិទ្ធភាពឬក៏ទម្ងន់គ្រប់គ្រាន់ក្នុងការបញ្ចប់បញ្ហាដ៏រសើបមួយនេះសោះអស់រយៈពេល២៥ឆ្នាំមកហើយ។ តើអ្វីទៅជាចេតនាពិតប្រាកដរបស់ភាគីថែ?មជ្ឈដ្ឋាននានាយល់ថា បើថៃពិតជាចង់បញ្ចប់បញ្ហាវិវាទព្រំដែនជាមួយកម្ពុជាមែននោះ តើហេតុអ្វីត្រូវរារែកចំពោះការឡើងតុលាការអន្តរជាតិ?
