បាត់ដំបង÷ កម្លាំងសមត្ថកិច្ចជំនាញឆ្មក់ចុះពិនិត្យ និងបង្ក្រាបករណីដឹកជញ្ជូនត្រីក្លាសេពីប្រទេសថៃចំនួន ២៤តោន ខណ:ក្រុមឈ្មួញនាំចូលមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

នគរបាលស្នងការខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ អនុវត្តតាមការណែនាំពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ដឹកនាំដោយលោកវរសេនីយ៍ឯក យី យក់សាន នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៥ កន្លងមកនេះបានឆ្មក់ចុះត្រួតពិនិត្យ និងបង្ក្រាបបានមួយករណីតាមបណ្តោយផ្លូវជាតិលេខ ៥ ក្នុងភូមិសាស្រ្តភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពាក់ព័ន្ធបទល្មើសដឹកជញ្ជូនគ្មានលិខិតអនុញ្ញាតនាំចូលច្បាស់លាស់។

យុទ្ធនាការចុះត្រួតពិនិត្យឆែកឆេរនេះកម្លាំងការិយាល័យជំនាញឃាត់បានរថយន្តរហូតដល់ទៅ ៨គ្រឿង ព្រមទាំងវត្ថុតាងល្មើសត្រីក្លាសេរួមមាន ត្រីពោ និងត្រីកាប សរុបចំនួន ២៤តោន ដែលក្រុមឈ្មួញបានដឹកចេញពីប្រទេសថៃ រួចដកហូត និងនាំយកទៅស្រាវជ្រាវនៅស្នងការនគរបាលខេត្ត ចំណែកឯអ្នកបើកបរបានគេចខ្លួនបាត់។

ក្រោយការស្រាវជ្រាវវត្ថុតាងត្រីក្លាសេទាំង ២៤តោនមានលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនពីរដ្ឋបាលជលផល ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទត្រឹមតែ ១០តោនប៉ុណ្ណោះ ក្រៅពីនេះត្រីក្លាសេចំនួន ១៤តោនទៀតមិនមានការអនុញ្ញាតនោះឡើយ។ ចំពោះមុខទាំងរថយន្ត ទាំងត្រីក្លាសេទាំងអស់ត្រូវសមត្ថកិច្ចបញ្ជូនទៅឲ្យមន្ត្រីជំនាញជលផលដេីម្បីអនុវត្តបន្តតាមនីតិវិធី៕
អត្ថបទ៖ ដំបងក្រញូង
