បញ្ហាស្មុគស្មាញនៃជម្លោះព្រំដែនកម្ពុជា-ថៃ ក្រៅពីបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃហើយនោះ គឺការប្រកាន់ជំហរប្រើប្រាស់ផែនទីដែលគូសជាឯកតោភាគីហើយដែលពុំមានការទទួលស្គាល់ជាអន្តរជាតិ។

ការប្រកាន់ជំហរបែបនេះ គឺមានលក្ខណៈផ្ទុយគ្នាទាំងស្រុងពីភាគីកម្ពុជា។ កម្ពុជា មិនទទួលស្គាល់ផែនទីគូរជាឯកតោភាគីនោះឡើយ។ ផែនទីត្រូវតែស្របនឹងផែនទីនៃសន្ធិសញ្ញាបារាំង-សៀម ១៩០៧។

ក្នុងន័យនេះ ក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ លើកទី៦ (JBC) ដែលធ្វើឡើងនៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា បានប្រកាសយ៉ាងច្បាស់លាស់ថា កម្ពុជានឹងទទួលស្គាល់ផែនទីខ្នាត ១:២០០,០០០ ព្រោះជាផែនទីដែលមានចែងក្នុងសន្ធិសញ្ញាបារាំង-សៀម និងច្រានចោល ១៩០៧។ ចំពោះ ផែនទីខ្នាត ១:៥0,000 របស់ប្រទេសថៃ ជាផែនទីដែលផលិតដោយឯកតោភាគី។

ពាក់ព័ន្ធនឹងដំណោះស្រាយបញ្ហាព្រំដែននេះ សម្តេចតេជោហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជាបានលើកឡើងថា ព្រំដែនទាំង៤ចំណុចដែលមានបណ្តោយ៨គីឡូម៉ែត្រដែលកម្ពុជាសម្រេចដាក់ពាក្យប្តឹងទៅICJ ដោយសារកម្ពុជាយល់ថា មិនអាចរកការស្រុះស្រួលគ្នាទ្វេភាគីបាននោះឡើយ បើទោះជាត្រូវប្រើពេលរហូតដល់១០០ឆ្នាំក៏មិនចប់នោះដែរ ហើយដែលនឹងបង្កនូវការផ្ទុះសង្គ្រាមរវាងប្រទេសទាំងពីរ។

ក្នុងន័យធ្វើឲ្យមានការយល់ច្រឡំក្នុងចំណោមមហាជនថៃអំពីជម្លោះព្រំដែនពិសេសដើម្បីឲ្យមហាជនថៃមើលឃើញថា កម្ពុជាជាអ្នកបង្កបញ្ហា ចង់អូសបន្លាយជម្លោះនោះ អ្នកនយោបាយថៃរួមទាំងបណ្តាញផ្សព្វផ្សាយផងនោះបាននិងកំពុងតែព្យាយាមបកស្រាយថា ផែនទីដែលថៃប្រើប្រាស់ខ្នាត1:50,000 ហើយដែលត្រូវបានគូរដោយឯកតោភាគីនោះ គឺដូចគ្នាទៅនឹងផែនទីខ្នាត១:២00,000 ដែលកម្ពុជាយកជាសម្អាងក្នុងការចរចាហើយជាផែនដែលទទួលស្គាល់ជាអន្តរជាតិតាមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ ១៩០៧។ ចុះបើដូចគ្នា ហេតុអ្វីចាំប្រើប្រាស់ផែនទីផ្សេងដែលគូរដោយខ្លួនឯង ហើយមិនប្រើប្រាស់ផែនទីដែលទទួលស្គាល់ជាអន្តរជាតិ?តើមានអ្វីនៅពីក្រោយខ្នងនៃការបង្កើតផែនទីជាឯកតោភាគី?

ជារួមមកវិញ បើភាគីថៃពិតជាមានភាពស្មោះត្រង់ក្នុងការបញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាពិតមែននោះ សូមកុំខ្លាចចូលរួមជាមួយកម្ពុជាទៅតតាំងក្តីគ្នានៅចំពោះមុខតុលាការICJ។ហេតុអ្វីបានជាថៃ ខ្លាចតុលាការអន្តរជាតិមួយនេះ?តើភាគីថៃខ្លាចបាត់បង់ទឹកដីឬក៏ខ្លាចមិនបានដីនៅតាមតំបន់ព្រំដែនដូចដែលខ្លួនចង់បានតាមការ ប្រើប្រាស់ផែនទីជាឯកតោភាគី?

Share.