ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីប្រកាសព័ត៌មានដោយបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកជំទាវ Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ ដែលបានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥។


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។



ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្ដរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា៕

