ដូចការគ្រោងទុក គឺនៅក្នុងសម័យប្រជុំលើកទី៤ នីតិកាលទីរបស់រដ្ឋសភានៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៥ នេះ សមាជិករដ្ឋសភា ១២៥រូប បានអនុម័តជាឯកច្ឆន្ធលើ សេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជាដែលជាការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍កម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។
សម្រាប់រាជរដ្ឋាភិបាល ការធ្វើវិសោធនកម្មមាត្រា៣៣ ក៏ជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ពិសេស ការប្រឆាំងនឹងអំពើក្បត់ជាតិ និងអំពើ គប់គិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍របស់ប្រទេសជាតិ។
ជាការកត់សម្គាល់ គ្រាន់តែរដ្ឋសភាពបើកផ្លូវឲ្យមានការរៀបចំច្បាប់ស្តីពីការដកសញ្ជាតិខ្មែរភ្លាម ស្រាប់តែក្រុមអ្នកមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលមួយចំនួនបានបញ្ចេញប្រិតិកម្មនិងបានលើកឡើងថា ច្បាប់ថ្មីដែលនឹងចេញនាពេលខាងមុខនេះជាច្បាប់ដែលមានគោលដៅបង្ក្រាបទៅលើក្រុមប្រឆាំងនិងនាំឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស រហូតមានអ្នកខ្លះបានប្រៀបប្រដូចការបង្កើតឲ្យមានច្បាប់ដកសញ្ជាតិទៅនឹងរបបប្រល័យពូជសាសន៍ថែមទៀត ផង។

ក្រុមអ្នករិះគន់ឬវាយប្រហារមកលើរាជរដ្ឋាភិបាលទាំងនោះហាក់បង្ហាញនូវការភ្ញាក់ផ្អើលនិងចម្លែកនៅក្នុងចិត្តនៅ ពេលដែលរាជរដ្ឋាភិបាលបង្កើតឲ្យមានច្បាប់ស្តីពីការដកសញ្ជាតចំពោះពលរដ្ឋរបស់ខ្លួនដែលប្រព្រឹត្តអំពើក្បត់ជាតិ។ ប៉ុន្តែពួកគេពុំបានសិក្សាស្វែងយល់អំពីស្ថានភាពនៅតាមបណ្តាប្រទេសមួយចំនួននោះឡើយ។ សម្រាប់មជ្ឈដ្ឋានអ្នកច្បាប់ក៏ដូចជាអ្នកសិក្សាស្រាវជ្រាវ ការបង្កើតឲ្យមានច្បាប់នេះគឺហាក់មិនមានអ្វីចម្លែកនោះឡើយ។ មិនចម្លែកដោយសារថា រហូតមកដល់ពេលនេះ ច្បាប់ដកសញ្ជាតមាន នៅបណ្ដាប្រទេសចំនួនប្រមាណ ១៥០ នៅលើពិភពលោក ទំាងនៅអាស៊ី និងអឺរ៉ុប (មាន២៨ប្រទេស មាន១៨ ប្រទេស មានច្បាប់ដកសញ្ជាតិ ព្រោះប្រទេសទាំងនេះជាបិតាប្រជាធិបតេយ្យ)។ ប្រទេសដែលមានច្បាប់ដកសញ្ជាតិមានដូចជា បារាំង អាមេរិក អង់គ្លេស អាល្លឺម៉ង់ អូស្ត្រាលី អ៊ីតាលី ប៊ែលហ្ស៊ិក ឥណ្ឌា កូរ៉េខាងត្បូង និងសិង្ហបុរី ជាដើម សុទ្ធតែមានច្បាប់កំណត់អំពីការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួន ជាពិសេស ក្នុងករណីអំពើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ជាតិ ឬអំពើធ្វើឱ្យប៉ះពាល់ដល់វិស័យសន្តិសុខជាតិ។
បើយើងសិក្សាទៅលើកម្មវត្ថុនៃការរៀបចំឲ្យមានច្បាប់ស្តីពីការដកសញ្ជាតនេះគឺរាជរដ្ឋាភិបាលកម្ពុជា មិនមានចេតនារឹតត្បិតសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋទូទៅឬក៏ក្រុមប្រឆាំងនោះឡើយ។ ច្បាប់នេះ គឺមានគោលដៅចំពោះតែក្រុមជនដែលគប់គិតជាមួយ បរទេសនិងបំផ្លាញផលប្រយោជន៍ខ្មែរតែប៉ុណ្ណោះ។ ដូច្នេះ បើសិនជាយើងជាពលរដ្ឋខ្មែរ ជាអ្នកស្រឡាញ់ជាតិពិតប្រាកដ មិនគប់គិតជាមួយបរទេសដើម្បីបំផ្លាញខ្មែរទេ តើចាំបាច់ភ័យខ្លាចនិងប្រឹងរារាំងច្បាប់ថ្មីនេះធ្វើអ្វី?
