ព្រះវិហារ៖ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីតំបន់មុំបី ដែលជាតំបន់កំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៥ កងទ័ពថៃត្រូវបានរាយការណ៍ថាបានបាញ់លើកងទ័ពកម្ពុជា នៅតំបន់នោះ បណ្ដាលឲ្យយោធិនកម្ពុជាម្នាក់ស្លាប់។
ថ្វីបើបញ្ហាព្រំដែនកំពុងនៅចំណុចប្រឈមក្ដី ក៏ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានសម្ដែងការជឿជាក់ដ៏រឹងមាំលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃ។ ពួកគេបញ្ជាក់ថា នឹងមិនចាកចេញពីភូមិឡើយ លើកលែងតែមានបទបញ្ជាពិសេសពីកងទ័ព ឬរាជរដ្ឋាភិបាល។ ប៉ុន្ដែអ្នកភូមិក៏បានត្រៀមលេណដ្ឋានរួចរាល់ ដើម្បីការពារនៅពេលមានហេតុការណ៍ជាយថាហេតុ។

អ្នកស្រី កុយ សុផាត ៦៩ឆ្នាំ ជាអ្នកលក់គុយទាវនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបញ្ចេញទស្សនថា ថ្វីបើកម្ពុជានិងថៃកំពុងប្រឈមដាក់គ្នាក៏ដោយ ហើយឈានដល់ការបិទព្រំដែនថែមទៀតប៉ុន្ដែស្ថានភាពនៃការលក់ដូរនៅធម្មតា។ អ្នកភូមិក៏ដូចជាអ៊ុំស្រីបានបញ្ជាក់ថា អ៊ុំស្រីគ្មានបំណងណាមួយចង់ជម្លៀសចេញនោះទេ ផ្ទុយទៅវិញរួមគ្នាជាមួយកងទ័ពដើម្បីការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

យុវជន សុខ បូរិន វ័យ៣៥ឆ្នាំ បានបញ្ចេញជាមតិយោបល់ដែរថា ការផ្ទុះអាវុធរវាងកងទ័ពកម្ពុជា និងថៃកាលពីចុងខែឧសភា ប្រជាពលរដ្ឋនៅស្រុកជាំក្សាន្តហាក់បារម្ភខ្លះដែរ ប៉ុន្ដែមកដល់ពេលនេះប្រជាពលរដ្ឋបានសុំាអស់ហើយ គ្មានការព្រួយបារម្ភ និងប្រកបរបររកស៊ីធម្មតា។ ប៉ុន្ដែអ្នកភូមិស្ទើរគ្រប់ផ្ទះរួមទាំងយុវជនរូបនេះផងបានជីកលេណដ្ឋានរួចរាល់ដើម្បីការពារជាយថាហេតុ។

ប្រជាការពារមួយរូបបានលើកឡើងដែរថា ប្រជាពលរដ្ឋស្រុកជាំក្សាន្តស្ទើរតែទាំងអស់បានយល់ដឹងអំពីវិធីការពារខ្លួននៅពេលកើតឡើងអំពីបញ្ហាសង្គ្រាម ពួកគេបានរៀបចំលេណដ្ឋានការពារ ព្រោះអ្នកស្រុកជាំក្សាន្តនៅក្បែរព្រំដែនភាគច្រើនឆ្លងកាត់ការប៉ះទង្គិច និងខ្លះធ្លាប់ឆ្លងកាត់សង្គ្រាមច្រើនជំនាន់រួចមកហើយ។ ថ្ងៃ១៥ កក្កដា ២០០៨ កម្ពុជានិងថៃធ្លាប់ប៉ះទង្គិចគ្នាលើរឿងជម្លោះប្រាសាទព្រះវិហារ ញាំងឲ្យអ្នកស្រុកក៏ធ្លាប់មានបទពិសោធន៍ការពារខ្លួនផងដែរ។

លោក សូរ ដារ៉ា ប្រធានភូមិវាលធំ ឃុំជាំក្សាន្ត បានលើកឡើងដែរថា មកដល់ម៉ោងនេះប្រជាពលរដ្ឋប្រកបរបររកស៊ីធម្មតា ហើយប្រជាពលរដ្ឋបានចូលរួមសហការជាមួយអាជ្ញាធរ ហើយប្ដេជ្ញាថាមិនចាកចេញពីភូមិនោះទេ ផ្ទុយទៅវិញអ្នកភូមិប្រកបរបររកស៊ីធម្មតា បើទោះមានការបិទព្រំដែនរវាងកម្ពុជានិងថៃ និងការប្រឈមគ្នាព្រំដែនក្នុងភូមិសាស្រ្តខេត្តព្រះវិហារក៏ដោយ។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ផុតលេខផ្កាយមាស៥ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំដល់ប្រជាពលរដ្ឋ នៅតំបន់សមរភូមិមុខជីកលេណដ្ឋាន ដើម្បីការពារខ្លួន ស្របពេលស្ថានភាពតានតឹងដាក់គ្នារវាងកងទ័ពកម្ពុជា-ថៃ។
នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានចេញលិខិតមួយណែនាំទៅអាជ្ញាធរជាប់ព្រំដែកម្ពុជា-ថៃទាំងអស់ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការឆ្លើយតប និងគ្រប់គ្រងសភាពការណ៍តានតឹងក្នុងពេលបច្ចុប្បន្ន ក្នុងស្មារតីម្ចាស់ការ និងប្រុងប្រយ័ត្នខ្ពស់ ដោយសំដៅដល់ការថែរក្សាការពារអធិបតេយ្យជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងប្រក្រតីភាពនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ក្រសួងថា ត្រូវរក្សាឱ្យបាននូវព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍដោយចិរភាព។
ជម្លោះព្រំដែនកម្ពុជានិងថៃ បានឡើងកម្ដៅសាជាថ្មីបន្ទាប់ពីកងទ័ពថៃបានលបបាញ់ប្រហារលើកងទ័ពកម្ពុជា បណ្ដាលឲ្យយោធិន១នាក់ស្លាប់កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ ជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ភាគីកម្ពុជាបានសម្រេចចិត្តយកសំណុំរឿងមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីដាក់ទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ ខណៈថៃបានបិទ និងកែសម្រួលម៉ោងពេលនៃការបើកច្រកទ្វារព្រំដែន រហូតភាគីទាំងពីរសម្រេចចិត្តបិទច្រកទ្វារព្រំដែនទាំងស្រុង។ យ៉ាងណាមិញភាគីថៃព្យាយាមចង់ចរចាជាមួយកម្ពុជាលើការបើកច្រកព្រំដែននោះទេ។ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់លើកឡើងថា កម្ពុជាមិនមែនជាអ្នកចាប់ផ្ដើមនោះទេ គឺសោរនៅភាគីថៃ បើថៃបើកឲ្យដូចមុនស្ថានភាពថ្ងៃទី៧ មិថុនា ឆ្នាំ២០២៥ និងផ្ដល់ការធានាច្បាស់លាស់ថា នឹងមិនមានការបិទ-បើកជាឯកតោភាគីទៀតនោះ គឺជាការស្រេច៕
