យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Nation នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា ឆ្នាំ២០២៥ នេះថា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជានាយករដ្ឋមន្រ្តីស្ដីទី លោក Phumtham Wechayachai បានថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែត កាលពីថ្ងៃពុធ ទី១៦ ខែកក្កដា ស្តីពីជម្លោះនាពេលថ្មីៗនេះ រវាងកងទ័ពថៃ និងកម្ពុជា នៅប្រាសាទតាមាន់ធំ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។

លោក Phumtham បានបញ្ជាក់ថា ឧបទ្ទវហេតុនេះ ជាការបង្កហេតុ និងជំរុញឲ្យអាជ្ញាធរថៃ មានការប្រុងប្រយ័ត្ន និងអត់ធ្មត់ ហើយ​សង្កត់ធ្ងន់ថា បើសិនជាមានការផ្ទុះអាវុធ ដែល​នាំ​ទៅរក​ហិង្សានោះថៃ នឹង​ចាញ់​ប្រៀបកម្ពុជា ព្រោះ​កម្ពុជា នឹង​លើកយកបញ្ហានេះទៅ​ប្ដឹង​អន្តរជាតិ។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការទប់ស្កាត់ជម្លោះនាពេលខាងមុខ ប៉ុន្តែលោកបាននិយាយទាំងមិនខ្មាស់មាត់ចោទលើប្រទេសកម្ពុជា ថា​ «កម្ពុជា អាចនឹងប្រើយុទ្ធសាស្ត្របែបនេះ ដើម្បីញុះញង់ឱ្យមានភាពតានតឹងបង្កជាអំពើហិង្សា ហើយត្រូវបានកេងប្រវ័ញ្ចលើឆាកអន្តរជាតិ»។

ការចោទប្រកាន់បែបនេះ គឺជាការចោទប្រកាន់គ្មានមូលដ្ឋាន និងមិនខ្មាស់អៀន ទាំងដែលទាហានឈុតខ្មៅថៃ បានធ្វើសកម្មភាពប្រើហិង្សាលួចវាយទាហានកម្ពុជានៅបរិវេណប្រាសាទតាមាន់ធំរបស់កម្ពុជា។ ខណៈកងទ័ពថៃ ខំប្រឹងប្រកែកដោយមិនហ៊ានទទួលស្គាល់ការពិតថា បុរសកំសាកវាយទាហានកម្ពុជាហើយរត់នោះ ជាទាហានរបស់ថៃ បែរជាចេញការបកស្រាយថា បុរសនោះជាអ្នកទេសចរទៅវិញ។

យ៉ាងណាម៉ិញ លោក ភូមិថាំ ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ហានិភ័យ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា ជាពិសេស​រវាង​ជន​ស៊ីវិល​ថៃ ​នៅ​តាម​បណ្តោយ​ព្រំដែន និង​យោធា ដោយ​បញ្ជាក់​ថា ការ​កើនឡើង​បែប​នេះ​នឹង​មាន​គ្រោះថ្នាក់សម្រាប់ប្រទេសទាំង២៕

ប្រភព៖ The Nation

Share.