(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានប្រកាស ថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើរំលោភបំពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ការថ្កោលទោសនេះធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍ពិសេសមួយនារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥។

លោក ប៉ែន បូណា បានបញ្ជាក់ថា សកម្មភាពរបស់អាជ្ញាធរថៃ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើ កិច្ចព្រមព្រៀងបទឈប់បាញ់ គោរពស្មារតីនៃ កិច្ចប្រជុំ GBC (គណៈកម្មាធិការព្រំដែនទូទៅ) និង កិច្ចប្រជុំ RBC (គណៈកម្មាធិការព្រំដែនតំបន់) ព្រមទាំង អនុស្សារណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ គោលការណ៍សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិជាធរមាន។

ក្នុងនាមអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បាន ទាមទារឱ្យភាគីថៃគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀង ក៏ដូចជាច្បាប់អន្តរជាតិទាំងអស់។ ជាមួយគ្នានេះ លោកបាន អំពាវនាវជាបន្ទាន់ ដល់អាជ្ញាធរថៃឲ្យ បញ្ឈប់ទង្វើរំលោភបំពាន ទាំងអស់នេះ។

លោក ប៉ែន បូណា ក៏បាន អំពាវនាវជាសាធារណៈ ដល់ សហគមន៍អន្តរជាតិ ទាំងមូលឲ្យ៖

  • ថ្កោលទោស អំពើរំលោភបំពានរបស់ថៃ។
  • ចាត់វិធានការចាំបាច់ បង្ខំឲ្យប្រទេសថៃ បញ្ឈប់សកម្មភាពឈ្លានពាន មកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាយ៉ាងគឃ្លើនតទៅទៀត។

លោក ប៉ែន បូណា បានសង្កត់ធ្ងន់ និង បញ្ជាក់សារជាថ្មី ពីជំហរច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺ៖

  • គោរព កិច្ចព្រមព្រៀងបទឈប់បាញ់។
  • ដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយឈរលើមូលដ្ឋានកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕
Share.