បាត់ដំបង÷ មន្ត្រីកបប សាខាខេត្តបាត់ដំបងចុះពិនិត្យសារធាតុគីមីរកឃើញពពុះសណ្តែកចំនួន ១២គីឡូក្រាម មានផ្ទុកសារធាតុគីមីហាមឃាត់ ( ហៅបូរ៉ាក់ Borax) មន្ត្រីជំនាញបានដកហូតដើម្បីបំផ្លាញចោល។




មន្រ្តីអធិការកិច្ចម្ហូបអាហារការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខាខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា÷ ការចុះត្រួតពិនិត្យផលិតផលទំនិញម្ហូបអាហារធ្វើឡើងនៅតាមទីផ្សារ និងតូបលក់ដូរតាមខ្នងផ្ទះនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥។ ការចុះត្រួតពិនិត្យខាងលើពិនិត្យនៅផ្ទះលក់ទំនិញជុំវិញផ្សារ ព្រមទាំងតូបក្នុងផ្សារមួយចំនួនទៀតសរុបចំនួន ១០ទីតាំង ក្នុងផ្សារភ្នំសំពៅ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង ។



មន្ត្រីជំនាញបានបន្តថា÷ ជាលទ្ធផលមន្ត្រីកបប បានធ្វើតេស្តលើសរសៃមី, សរសៃគុយទាវតូច-ធំ, ពពុះសណ្តែក ចំនួន ០៥ គំរូមិនមានទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពឡើយ ប៉ុន្តែបានរកឃើញពពុះ សណ្តែកចំនួន ១២គីឡូ មានផ្ទុកសារធាតុគីមីហាមឃាត់ ហៅថា( បូរ៉ាក់ Borax ) បន្ទាប់មកមន្ត្រីជំនាញបានដកហូតយកដើម្បីកម្ទេចចោល។



ចុងក្រោយមន្រ្តី កបប សាខាខេត្តបាត់ដំបង បានបន្តណែនាំដល់បងប្អូនអាជីវករទាំងអស់ឲ្យយល់ដឹងពីការតាំងលក់ទំនិញគឺប្រកបដោយគុណភាព សុវត្ថិភាពជូនអ្នកប្រើប្រាស់ និងហាមតាំងលក់ទំនិញបំពានសិទ្ធិផ្តាច់មុខ ក៏ដូចជាប្រជាពលរដ្ឋអ្នកប្រើប្រាស់គប្បីពិនិត្យកាលបរិច្ឆេទឲ្យបានច្បាស់លាស់ជៀសវាងការប៉ះពាល់ដល់សុខភាព ឬបញ្ហាប្រឈមចំពោះមុខច្បាប់៕
អត្ថបទ៖ ដំបងក្រញូង
