ពានរង្វាន់បាល់ទាត់ពិភពលោក អាយុក្រោម ២០ឆ្នាំ FIFA U-20 World Cup ឆ្នាំ២០២៥ បានរកឃើញក្រុមខ្លាំងចំនួន ៤ឡើងមកជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ បន្ទាប់ពីប្រកួតជម្រុះកាលពីថ្ងៃទី២៧ កញ្ញា រហូតដល់ថ្ងៃទី១២ តុលា ២០២៥។


ក្រុមខ្លាំងទាំង ៤ ឡើងមកជួបគ្នា នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៖

សម្រាប់កម្មវិធីប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅយប់ថ្ងៃទី១៥ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រួមមាន៖
- ម៉ារ៉ុក ប្រកួតជាមួយ បារាំង ម៉ោង ៣:០០នាទីយប់
- អាហ្សង់ទីន ប្រកួតជាមួយ កូឡុំប៊ី ម៉ោង ៦:០០នាទីព្រឹក
ព្រឹត្តិការណ៍កីឡាករបាល់ទាត់ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ២០២៥ ដែលជាការប្រកួតជើងឯកបាល់ទាត់យុវជនអន្តរជាតិ ២៤ប្រទេសចូលរួម ដោយក្រុមជម្រើសជាតិអាយុក្រោម ២០ឆ្នាំនៃសមាគមសមាជិករបស់ FIFA ជុំវិញពិភពលោក។


ពានរង្វាន់ FIFA U-20 World Cup ឆ្នាំ 2025 នឹងក្លាយជាការប្រកួតលើកទី២៤ ដោយធ្វើឡើងនៅប្រទេសឈីលី ចាប់ផ្តើមចន្លោះពីថ្ងៃទីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីរកឃើញម្ចាស់ជើងឯក។
ពានរង្វាន់ FIFA U-20 World Cup បង្កើតឡើងក្នុងឆ្នាំ១៩៧៧ ដោយប្រើឈ្មោះថា FIFA World Youth Championship។ លុះដល់ឆ្នាំ២០០៧ ត្រូវបានប្ដូរឈ្មោះទៅជា FIFA U-20 World Cup ចាត់ទុកការប្រកួតបាល់ទាត់ពិភពលោក ដែមមានកម្រិតអាយុក្រោម ២០ឆ្នាំ។
គួរដឹងថា ពានរង្វាន់ FIFA U-20 World Cup ធ្វើឡើងរៀងរាល់ ២ឆ្នាំម្ដង ដោយក្រុមយុវជនអាយុក្រោម ២០ឆ្នាំអាហ្សង់ទីន ឈ្នះជើងឯក ៦លើក ប្រេស៊ីល ៥លើក ព័រទុយហ្គាល់ និងស៊ែប៊ី ២លើក និងអ៊ុយរ៉ាហ្គាយ ហ្គាណា អេស្ប៉ាញ រុស្ស៊ី អាល្លឺម៉ង់ អង់គ្លេស បារាំង និថអ៊ុយក្រែន បាន១លើកដូចគ្នា៕
