នៅក្នុងប្រតិបត្តិការមួយរបស់នគរបាលការពារព្រំដែន (BPP) នៅក្នុងស្រុកសៃបូរី ស្ថិតនៅក្នុងខេត្តបាត់តានី នគរបាលឆ្នើមនិងជំនាញអាវុធជាតិផ្ទុះរបស់ថៃម្នាក់ឈ្មោះ សមសក្តិ៍ នាគសេន បានពលីជីវិត ដោយសារតែថ្វីដៃរបស់ក្រុមទាមទារឯករាជ្យនៅខេត្តភាគខាងត្បូង។

នៅថ្ងៃទី 16 ខែតុលា ឆ្នាំ 2025 នាយឧត្តមសេនីយ៍ទោ រុងរ៉ូច ថាគូរពុញ្ញៈស៊ីរី បញ្ជាការនគរបាលការពារព្រំដែន បានសម្តែងការសោកស្តាយ និងចូលរួមមរណទុក្ខចំពោះករណីនាយនគរបាល សមសក្តិ៍ នាគសេន មេក្រុមនៃស្នងការដ្ឋាននគរបាលការពារព្រំដែនភូមិភាគទី 44 ដែលបម្រើការជាប្រធានក្រុមប្រតិបត្តិការត្រួតពិនិត្យ និងបំផ្លាញវត្ថុផ្ទុះ នៃកងអនុសេនាធំនគរបាលការពារព្រំដែន 444 បានទទួលមរណភាពដោយត្រូវបាញ់ចំកណ្ដាលក្បាល ខណៈពេលកំពុងបំពេញបេសកកម្មឡោមព័ទ្ធទីតាំងគោលដៅ និងអនុវត្តច្បាប់នៅតំបន់ ស្រុកសៃបូរី ខេត្តប៉ាត់តានី កាលពីល្ងាចថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥។

ការពលីរបស់មន្ត្រីនគរបាលថៃនេះបានកើតឡើងនៅវេលាល្ងាច ម៉ោង 13:30 នាទី ដោយខណៈនោះ​កងអនុសេនាធំនគរបាលការពារព្រំដែន 444 បានសហការជាមួយស្ថាប័នសន្តិសុខក្នុងតំបន់ខេត្តប៉ាត់តានី ចុះអនុវត្តច្បាប់ឡោមព័ទ្ធ និងឆែកឆេរនៅតំបន់ ភូមិទី 4 ឃុំបាងកៅ ស្រុកសៃបូរី ខេត្តប៉ាត់តានី ដើម្បីចូលពិនិត្យ និងកំណត់អត្តសញ្ញាណគោលដៅ។

ក្នុងអំឡុងពេលដែលកម្លាំងនគរបាលកំពុងជម្រះទីតាំង ក៏បានផ្ទុះការប៉ះទង្គិចគ្នាជាមួយក្រុមឧក្រិដ្ឋជន បណ្ដាលឱ្យ សមសក្តិ៍ នាគសេន រងរបួសធ្ងន់ត្រូវចំក្បាល និងបានទទួលមរណភាពនៅពេលក្រោយ។ ជាមួយគ្នានេះ អាជ្ញាធរបាន បាញ់សម្លាប់ឧក្រិដ្ឋជនម្នាក់ និង ចាប់ខ្លួនបានម្នាក់ ព្រមទាំងរឹបអូសបានកាំភ្លើងខ្លី និងគ្រាប់កាំភ្លើងមួយចំនួន៕

Share.