កោះកុង ៖ ទូកមួយគ្រឿងដឹកទំនិញចំរុះ មានទាំងសាច់បង្កផង ឆ្លងដែនមកពីប្រទេសថៃ ចូលមកកម្ពុជា ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកវរសេនាតូចលេខ២៦៩ ប្រចាំខេត្តកោះកុង ឃាត់បានកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចខាងក្រៅច្រកចូលពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។




ប្រតិបត្តិការខាងលើ ក្រោមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក អគ្គលេខាធិការរង នៃគណ:កម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងជាមេបញ្ជាការរងអចិន្ត្រៃយ៍ នៃគណៈបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៣ ចាប់ឃាាត់ទូកដឹកទំនិញឆ្លងដែនពីថៃមួយគ្រឿងខាងលើ។




សមត្ថកិច្ចឱ្យដឹងថា ទំនិញឆ្លងដែនចេញពីប្រទេសថៃនេះ ដឹកចេញពីផែឈ្មោះគីមខ្លងស៊ុនប្រទេសថៃ មានបំណងយកមកឡើងនៅព្រែកស្វាយ ដើម្បីដឹកបន្តតាមឡានតាក់ស៊ីទៅកាន់ច្រកព្រំដែនអន្តរជាតិព្រែកចាកក្នុងខេត្តកំពត ។ ហើយម្ចាស់ទំនិញ ជាខ្មែររស់នៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។




សមត្ថកិច្ចពិនិត្យឃើញមាន ៖ ក្ដាមសក ចំនួន ១៩កេសតូច និង១០កេសធំ , ក្តាមបង្កក ចំនួន ០៥កេស , ជើងមាន់បង្កក ចំនួន១២កេស , ដបទឹក ចំនួន ៤កេស , ថ្នាំលាបពណ៌កំប៉ុងដែក ចំនួន ៧កេស , ថ្នាំលាបប្រភេទ TK ចំនួន ៣កេស , ថ្នាំលាបប្រឆាំងច្រេះ ចំនួន ៥កេស , ថ្នាំសារធាតុប្រតិកម្មតូលូអ៊ីនចំនួន១០កេស , កាហ្វេ ចំនួន ២កេស ,
ស្លឹកកាធម ០២កេស , ស្រោមដៃក្រណាត់ ចំនួន ១បេធំ ។






បន្ទាប់ពីចាប់ទំនិញបាន ប្រគល់ជូនរដ្ឋបាលខេត្តកោះកុងចាត់ចែងបន្តតាមនិតិវិធី ហើយនៅរសៀលថ្ងៃដដែលនេះ សមត្ថកិច្ចធ្វើការដុតកម្ទេចចោល ៕