ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និយាយថា លោកនឹងត្រៀមជួបជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីនៅរដ្ឋធានីប៊ូដាប៉ែស ប្រទេសហុងគ្រី ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក និងលម្អិតបន្ថែមអំពីស្ថានភាពសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន នៅពេលត្រូវបានបញ្ចប់។

កិច្ចពិភ្សាកំពូលនេះបានកើតឡើងបន្ទាប់ពីលោក ត្រាំ សន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន នៅថ្ងៃទី ១៦ ខែតុលា ដោយបញ្ជាក់អំពីមានប្រសិទ្ធភាព និងការបង្កើតវឌ្ឍនភាពដ៏អស្ចារ្យនៃប្រទេសទាំងពីរ។ យ៉ាងណាក៏ដោយ លោក ត្រាំ មិនទាន់បានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការជួបគ្នារវាងមេដឹកនាំទាំងពីរនៅឡើយទេ ប៉ុន្តែត្រូវបានគេរំពឹងថានឹងកើតឡើងក្នុងរយៈពេល២សប្តាហ៍ខាងមុខទៀត។
ដោយឡែកគណៈប្រតិភូរដ្ឋាភិបាល និងទីប្រឹក្សាមុខខ្ពស់នៃប្រទេសទាំងពីរ បានត្រៀមនឹងប្រជុំពិភាក្សានៅសប្តាហ៍ក្រោយ ប៉ុន្តែនៅមិនទាន់បានបញ្ចេញទីតាំងជាក់លាក់នៅឡើយទេ។ នេះបើឱ្យដឹងពីលោក ម៉ាកូ រូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលនឹងដឹកនាំគណៈប្រតិភូរបស់សហរដ្ឋអាមេរិក។
កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន កើតឡើងមួយថ្ងៃមុនពេលដែលលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន គ្រោងធ្វើដំណើរទស្សនកិច្ចទៅកាន់សេតវិមានជាលើកទី ៣ ចាប់តាំងពីដើមឆ្នាំ ២០២៥ មក។ យ៉ាងណាមិញ បញ្ហាដែលត្រូវលើកយកមកពិភាក្សាដ៏សំខាន់ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី គឺជាការស្នើសុំអាមេរិកឱ្យផ្គត់ផ្គង់ មីស៊ីល Tomahawk ដល់អ៊ុយក្រែន។
ចំពោះលោក ត្រាំ ធ្លាប់បានសម្តែងការភាពស្ទាក់ស្ទើរដោយលើកឡើងថា សហរដ្ឋអាមេរិកមិនអាចកាត់បន្ថយបរិមាណឃ្លាំងអាវុធ Tomahawk របស់ខ្លួនបានទេ ដោយសារសហរដ្ឋអាមេរិកក៏ត្រូវការមីស៊ីលទាំងនេះដូចគ្នា។ យ៉ាងណាក៏ដោយលោកក៏បានលើកឡើងថា រុស្ស៊ីកំពុងប្រញាប់ប្រញាល់ចង់ត្រឡប់មកចរចាវិញភ្លាមៗ បន្ទាប់ពីបានឮអំពីមីស៊ីល Tomahawk របស់អាមេរិកនេះ។
កន្លងមក លោក ត្រាំ ធ្លាប់បង្ហាញជំហរតឹងរ៉ឹងចំពោះលោក ពូទីន ក្រោយកិច្ចប្រជុំកំពូលនៅរដ្ឋអាឡាស្កាកាលពីខែសីហា ទទួលបរាជ័យក្នុងការបង្កើតវឌ្ឍនភាពដាច់ខាតសម្រាប់ការសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពឱ្យ អ៊ុយក្រែន ទោះបីជាពេលនោះលោក ត្រាំ ធ្លាប់លើកតម្កើងកិច្ចប្រជុំនៅអាឡាស្កាថា ជាផ្នែកជោគជ័យលើការទូតដ៏សំខាន់ក៏ដោយ ក៏ប៉ុន្តែវាមិនបាននាំមកនូវលទ្ធផលជោគជ័យពិតប្រាកដណាមួយនោះឡើយ។ នេះបើតាមសារព័ត៌មាន BBC News ៕
