ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ ដោយមានមន្ទីរសុខាភិបាលខេត្ត ជាសេនាធិកា និងដោយមានការគាំទ្រពីមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) បានរៀបចំពិធីផ្សព្វផ្សាយសារអប់រំសុខភាពភ្នែក រួមទាំងការពិនិត្យ ព្យាបាលភ្នែក និងផ្តល់វ៉ែនតាឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដើម្បីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ១០ តុលា ២០២៥។ ពិធីនេះត្រូវបានធ្វើឡើងនៅបរិវេណមណ្ឌលសុខភាពសេដា សែនជ័យ ស្ថិតនៅឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នៅពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥នេះ ។

លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងដោយមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៃកម្មវិធីជាតិសុខភាពភ្នែក របស់ក្រសួងសុខាភិបាល និងដោយមានការគាំទ្រពីមូលនិធិហ្រ្វេដហូឡូ (The Fred Hollows Foundation) ។

បន្ទាប់ពីមតិស្វាគមន៍ និងថ្លែងអំណរគុណរបស់លោកស្រី យេ វណ្ឌី អភិបាលរងស្រុកតំបែរ លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងជាអ្នកដឹកនាំក្រុមគ្រូពេទ្យជំនាញភ្នែក នៃកម្មវិធីជាតិសុខភាពភ្នែក បានគូសបញ្ជាក់ថា ការពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតា ឥតគិតថ្លៃនេះ គឺក្នុងគោលបំណង ដើម្បីអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ១០ តុលា ២០២៥ ព្រមទាំងជួយសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាភ្នែកក្នុងមូលដ្ឋាន ។

លោកឱសថការី បានលើកឡើង ខ្លឹមសារ នៃសារអបអរសាទរទិវាសុខភាពភ្នែកពិភពលោកគឺ “ស្រឡាញ់ភ្នែករបស់អ្នក» ដោយផ្តោតប្រធានបទសំខាន់ ទៅលើការកាត់បន្ថយភាពពិការភ្នែក និងគំហើញថយចុះធ្ងន់ធ្ងរ ដែលបណ្ដាល មកពីជំងឺមិនឆ្លង ជាពិសេស ជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម ដែលកំពុងតែមានអត្រាកើនឡើងខ្ពស់ នៅទូទាំងពិភពលោក និងនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ ក្នុងនោះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវ និងណែនាំនូវវិធានការងាយៗដូចខាងក្រោម៖

  • ត្រូវទៅពិនិត្យភ្នែកចំពោះអ្នក មានជំងឺទឹកនោមផ្អែម និងឡើងសម្ពាធឈាម នៅមណ្ឌលថែទាំភ្នែក ឬ មន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុតទូទាំងព្រះរាជាណាចក្រកម្ពុជា។
    អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការជំងឺមិនឆ្លង៖ តិចខ្លាញ់ តិចអំបិល និងតិចស្ករ។
  • ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ យ៉ាងតិច៣០នាទីក្នុងមួយថ្ងៃ និងយ៉ាងតិច ៥ថ្ងៃក្នុង មួយសប្តាហ៍។ ត្រូវតាមដាន ព្យាបាល និងគោរពតាមការណែនាំរបស់គ្រូពេទ្យជំនាញផ្នែកទឹកនោមផ្អែម និងឡើង សម្ពាធឈាមឱ្យបានទៀងទាត់ល្អ។ យើងទាំងអស់គា្ន ចូលរួមក្នុងការទប់ស្កាត់ និងកាត់បន្ថយភាពពិការភ្នែក និងគំហើញចុះខ្សោយធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺទឹកនោមផ្អែម និងជំងឺឡើងសម្ពាធឈាម នៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតនៅកម្រិត ទាបបំផុតតាមដែលយើងអាចធ្វើបាន។
    ភ្នែកល្អ ។ ក្នុងឱកាសនោះ លោកជំទាវ នី ចាន់ធីតា បានថ្លែងគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្តអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព»។ រាជរដ្ឋាភិបាលបានតម្កល់នូវឆន្ទៈខ្ពស់លើវិស័យអប់រំ និងវិស័យសុខាភិបាល គោលនយោបាយនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះសុខុមាលភាពពលរដ្ឋ ។

  •   លោកជំទាវ បានបន្តថា ការថែទាំ និងពិនិត្យព្យាបាលសុខភាព គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា និងគ្រប់វ័យ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់។ ជាក់ស្តែង ការពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យនៅថ្ងៃនេះ គឺជាឱកាសមួយសម្រាប់ប្រជាពលរដ្ឋបានដឹងអំពីសុខភាពភ្នែករបស់ខ្លួន តាមរយៈការពិនិត្យ ការប្រឹក្សាយោបល់ និងការផ្តល់ព័ត៌មានផ្សេងៗអំពីរបៀបថែទាំសុខភាពភ្នែកនាពេលបន្តបន្ទាប់ ។
      ជាមួយគ្នានេះ ដោយមើលឃើញពីបរិបទនៃសង្គមបច្ចុប្បន្ន ដែលប្រជាពលរដ្ឋងាយប្រឈមទៅនឹងជំងឺទឹកនោមផ្អែម ជំងឺទឹកនោមប្រៃ និងជំងឺលើសឈាមជាដើម លោកជំទាវ នី ចាន់ធីតា បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យកាត់បន្ថយការទទួលទានអាហារដែលមានជាតិប្រៃ ខ្លាញ់ និងស្ករ ហើយមិនត្រូវជក់បារី ឬពិសាគ្រឿងស្រវឹងឡើយ។ បន្ថែមលើនេះ លោកជំទាវ ក៏បានណែនាំដល់អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ជាពិសេសប្រជាជនទាំងអស់ ត្រូវចូលរួមថែរក្សាសុខភាព បង្ការខ្លួនពីជំងឺមិនឆ្លង ដោយត្រូវបរិភោគអាហារសុវត្ថិភាព តិចអំបិល តិចខ្លាញ់ តិចស្ករ និងត្រូវធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាពល្អ ៕
Share.