ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីសរុបចំនួន ៦២៨រូប ចូលរួមព្រឹត្តិការណ៍ប្រកួតទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ៤១លើក ដណ្តើមបានមេដាយសរុបចំនួន៣៩២គ្រឿង។ នេះបើតាមឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃថា ក្នុងចំណោមមេដាយជិត៤០០គ្រឿងនោះ មេដាយឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតក្នុងប្រទេស ទទួលបានចំនួនសរុប ២៣៧គ្រឿង រួមមាន មេដាយមាស១០០គ្រឿង មេដាយប្រាក់៧០គ្រឿង និងមេដាយសំរឹទ្ធចំនួន៦៧គ្រឿង និងព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ទទួលបានមេដាយសរុប ១៥៥គ្រឿង រួមមានមេដាយមាស៤១គ្រឿង មេដាយប្រាក់៥៧ និងមេដាយសំរឹទ្ធចំនួន៥៧គ្រឿង។
បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ក្នុងរយៈពេល៩ខែនេះដែរ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីចំនួន១០រូប មានកីឡាករ២រូប និងកីឡារិនី១រូប ចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន៦លើក រួមមាន ១.វគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលចៅក្រមអន្តរជាតិ កីឡាតេក្វាន់-ដូITF ២.វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ថ្នាក់ជាតិ ៣.វគ្គបំប៉នសមត្ថភាពស្ដីពី “ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា” ៤.វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាតេក្វាន់ដូWT ថ្នាក់មូលដ្ឋាន ៥.វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងអាជ្ញាកណ្ដាលថ្នាក់ជាតិ កីឡាសូហ្វតិន្នីស និងទី៦.វគ្គបណ្ដុះបណ្ដាលកីឡាស្ដីពី “ដូប៉ា ដូពីង”។

មិនត្រឹមតែប៉ុណ្ណោះ អគ្គលេខាធិការដ្ឋាន ក៏បានបញ្ជូនមន្ត្រីជាកីឡាការិនី ១រូប ដើម្បីចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកនៅ ក្រៅប្រទេស ក្នុងកម្មវិធីអភិវឌ្ឍន៍ក្រុមបឹ្រក្សាអូឡាំពិកអាស៊ី-សមាជិកកីឡាយុទ្ធគុនចម្រុះអាស៊ី បណ្តុះបណ្តាលអាជ្ញាកណ្តាល លើកទី១នៅទីក្រុង Manama នៃប្រទេសប៉ារែន។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង ក្នុងគោលបំណង លើកកម្ពស់វិស័យកីឡារបស់កងកម្លាំងនគរបាលជាតិ និងរួមគ្នាអភិវឌ្ឍសមត្ថភាព បច្ចេកទេសឱ្យមានការ រីកចម្រើនដើម្បីធ្វើសមាហរណកម្មចូលជាសមាជិក សហភាពកីឡានគរបាលជាតិអន្តរជាតិ International Police Sport Union សរសេរជាអក្សរកាត់ “ IPSU ” ។ ក្រុមប្រឹក្សាកីឡា មានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ និងអង្គភាពចំណុះចំនួន ៥ រួមមាន ១- អង្គភាពរដ្ឋបាល-ហិរញ្ញវត្ថុ ២-អង្គភាពកីឡានគរបាលជាតិកម្ពុជា ៣-អង្គភាពបច្ចេកទេសកីឡាជំនាញ ៤-អង្គភាពសហប្រតិបត្តិការកីឡាអន្តរជាតិ ៥-អង្គភាពសវនកម្មផ្ទៃក្នុង៕
អត្ថបទ៖ ដោយ សេង បូលីន

