រាជធានីភ្នំពេញ៖ ឆ្លើយតបជាមួយបញ្ហាដែលកើតមានឡើងកន្លងមកពាក់ព័ន្ធនឹងជនបរទេសនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នេះ បានដាក់បទបញ្ជាម៉ឺងម៉ាត់ដល់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (Hotline) ជនបរទេស ត្រូវតែពង្រឹងស្មារតីនៃការទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានៅពេលមានសំណើសុំអន្ដរាគមន៍ណាមួយកើតឡើង។
ការដាក់បទបញ្ជានេះ បានធ្វើឡើងក្នុងពិធីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះធ្វើឡើងដោយយោងទៅតាមសភាពការណ៍ និងការវិវឌ្ឍនៅលើសកលលោក ក៏ដូចជាប្រទេសនៅក្នុងតំបន់មួយចំនួន ដែលតម្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការផ្ដល់ និងការចែករំលែកព័ត៌មានរវាងជនបរទេសដែលបាន និងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងន័យបង្ការ ទប់ស្កាត់ និងជួយសង្គ្រោះជនបរទេស។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានផ្ដល់អនុសាសន៍ដឹកនាំមួយចំនួន ដើម្បីឱ្យក្រុមការងារបំពេញការងារប្រកបដោយប្រសិទ្ធភាព រួមមាន៖
- ពង្រឹងការទទួលខុសត្រូវខ្ពស់: ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមព័ត៌មានទាន់ហេតុការណ៍ ត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមឱ្យបានល្អ។
- បន្តសហការល្អជាមួយស្ថាប័នបរទេស៖ បន្ដធ្វើទំនាក់ទំនង និងសហការឱ្យបានល្អបន្ថែមទៀតជាមួយតំណាងស្ថានទូត ស្ថានកុងស៊ុល អង្គការអន្ដរជាតិ និងវិនិយោគិនបរទេស ក្នុងការទទួល និងដោះស្រាយសំណើសុំអន្ដរាគមន៍ និងសំណូមពរនានាឱ្យបានល្អ និងទាន់ពេលវេលា ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ។
- ប្រចាំការ ២៤ លើ ២៤ ម៉ោង៖ ត្រូវរៀបចំសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជនបរទេស ដើម្បីប្រចាំការ ២៤ លើ ២៤ ម៉ោង នៅតាមនាយកដ្ឋាន មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត។
- រៀបចំឧបករណ៍ និងមន្ត្រីចេះភាសា៖ អង្គភាពពាក់ព័ន្ធនីមួយៗ ត្រូវរៀបចំកន្លែងធ្វើការ ឧបករណ៍ សម្ភារ បច្ចេកទេស ព្រមទាំងបង្កើតលេខទូរស័ព្ទសម្រាប់ក្រុមព័ត៌មានទាន់ហេតុការណ៍ និងចាត់តាំងមន្ដ្រីដែលចេះភាសាបរទេសឱ្យទទួលបន្ទុកកិច្ចការងារនេះ។
- ចាត់តាំងតំណាងមានសិទ្ធិសម្រេច៖ បណ្ដាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងតំណាងសមាសភាពមួយរូប ដែលមានសិទ្ធិសម្រេចក្នុងការទទួលដោះស្រាយ ឬសហការអន្ដរាគមន៍ជនបរទេស ក្នុងករណីដែលទទួលសំណើផ្លូវការពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

ការបង្កើតក្រុមព័ត៌មានទាន់ហេតុការណ៍នេះ គឺជាយន្ដការចាំបាច់ដែលមានគោលបំណងសំខាន់ៗដូចជា ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានអំពីស្ថានភាពជនបរទេស ការសហប្រតិបត្តិការដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើល្មើសច្បាប់ និងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពដល់ជនបរទេសទាំងអស់ រួមទាំងវិនិយោគិន និងអ្នកទេសចរអន្ដរជាតិផងដែរ៕



អត្ថបទ៖ត្រយង
