សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា ជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយតាមរយៈការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី២០ នៅទីក្រុងគូឡាឡាំពួ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា សម្តេចធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងកូឡាឡាំពួ» រវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបានបង្ហាញនូវសក្ខីភាពដ៏មានឥទ្ធិពលថា សូម្បីតែជម្លោះដ៏លំបាកបំផុត ក៏អាចត្រូវបានដោះស្រាយតាមរយៈគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការអត់ធ្មត់ និងតាមរយៈការទូត។
សម្តេចធិបតីបានគូសបញ្ជាក់ថា ភាពជោគជ័យនេះ គឺជាលទ្ធផលនៃបទឈប់បាញ់ដែលប្រទេសទាំងពីរបានខិតខំប្រឹងប្រែងបង្កើត និងប្រកាន់យ៉ាងខ្ជាប់ខ្ជួន ដោយមានការចូលរួមគាំទ្រពីដៃគូអន្តរជាតិ។
ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ៖
- ម៉ាឡេស៊ី៖ ក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយផ្ទាល់ និងប្រកបដោយភាពស្ថាបនា។
- សហរដ្ឋអាម៉េរិក៖ ក្នុងការជំរុញឱ្យមានការបញ្ឈប់អរិភាព និងការគាំទ្រឱ្យមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់។
- ចិន៖ ចំពោះការរៀបចំកិច្ចសន្ទនាក្រៅផ្លូវការជាបន្តបន្ទាប់ ក្នុងគោលដៅលើកកម្ពស់ការស្វែងយល់ដឹងពីគ្នា និងជំរុញឱ្យមានការដោះស្រាយដោយសន្តិវិធី។
គួរជម្រាបថា ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ ត្រូវបានធ្វើឡើងដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្ស៉ី និងសម្របសម្រួលដោយនាយករដ្ឋមន្ត្រីម៉ាឡេស៉ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម៕










