សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានជួបប្រជុំទ្វេភាគីនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ក្នុងទីក្រុងកូឡាឡាំពួរ ដោយបានប្ដេជ្ញាចិត្តរួមគ្នាអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវ «សេចក្តីប្រកាសរួមក្រុងកូឡាឡាំពួរ» ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ជំនួបដ៏មានអត្ថន័យនេះ បានធ្វើឡើងក្នុងបរិយាកាសដ៏កក់ក្ដៅ ដោយមេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគី ក្នុងនាមជាប្រទេសជិតខាងល្អ និងជាដៃគូដ៏សំខាន់។
ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សេចក្តីប្រកាសរួមក្រុងកូឡាឡាំពួរ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ជាសាក្សីនេះ គឺជាការបោះជំហានទៅមុខមួយទៀត បន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់ ដោយវាបានរួមចំណែកដ៏ធំធេងក្នុងការរក្សាស្ថិរភាព និងសន្តិភាពតាមបណ្ដោយព្រំដែន។
សម្តេចបានសង្កត់ធ្ងន់ថា ការអនុវត្តន៍លម្អិតនូវកាតព្វកិច្ចដែលបានចែងក្នុងសេចក្តីប្រកាសរួម គឺជាភារកិច្ចបន្ទាន់របស់ភាគីទាំងពីរ ដែលត្រូវអនុវត្តដោយស្មោះត្រង់ និងប្រកបដោយទំនួលខុសត្រូវរួម។
ក្នុងឱកាសនេះ សម្តេចធិបតី ក៏បានស្នើសុំទៅកាន់នាយករដ្ឋមន្ត្រីថៃ ឱ្យពិចារណាដោះលែងជាបន្ទាន់នូវយោធាកម្ពុជាចំនួន ១៨រូប ដែលជាប់ឃុំឃាំងនៅលើដែនដីថៃ ដោយឈរលើស្មារតីសន្តិភាពនៃសេចក្តីប្រកាសរួមដែលបានឯកភាពគ្នា។
ក្នុងនាមជាប្រទេសជិតខាង មេដឹកនាំទាំងពីរបានប្តេជ្ញាថា កម្ពុជានិងថៃនឹងបន្តធ្វើការងារទន្ទឹមគ្នា ដើម្បីធានាឱ្យប្រជាជនរបស់ខ្លួនរស់នៅដោយសន្តិភាព ភាពសុខដុមរមនា និងចែករំលែកវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ៕



