សារព័ត៌មានថៃ បានចេញផ្សាយដំណឹងដ៏ចម្រូងចម្រាសមួយជុំវិញករណីដែលនាយករដ្ឋមន្ត្រីថៃ អនុទិន ឆាន់វីគុល បានព្រមទទួលស្គាល់ថា ប្រទេសថៃ ក៏បានរំលោភចូលដែនអធិបតេយ្យកម្ពុជា ដូចគ្នាដែរ។
គ្រាន់តែលើកការពិតមកនិយាយប៉ុណ្ណឹងសោះ បានបង្កជាភាពចម្រូងចម្រាសយ៉ាងខ្លាំងក្លា និងធ្វើឱ្យពលរដ្ឋថៃដែលមិនព្រមទទួលយកការពិតថា ប្រជាជនថៃ ជ្រុលនិយម និងកងកម្លាំងប្រដាប់អាវុធថៃ បាននឹងកំពុងរំលោភចូលទឹកដីកម្ពុជា បែរជានាំគ្នា តវ៉ាប្រឆាំនិងប្រតិកម្មចំពោះ នាយករដ្ឋមន្ត្រីថៃ ដែលបានថ្លែងថា៖ «ផ្នែកខាងកម្ពុជាដែលរំលោភចូលមកក្នុងទឹកដីថៃក៏មាន ហើយផ្នែកខាងថៃដែលរំលោភចូលទៅក្នុងទឹកដីកម្ពុជាក៏មានដូចគ្នា។ ប្រសិនបើចង់មានភាពយុត្តិធម៌ ត្រូវតែមានយុត្តិធម៌ទាំងសងខាង ហើយប្រសិនបើយល់ព្រមគ្នាបាន យើងក៏ត្រូវតែដកថយមកវិញ»។

អនុទិន បានបន្តថា រដ្ឋាភិបាលថៃត្រូវតែរកកន្លែងស្នាក់នៅថ្មីជូនប្រជាជនថៃដែលបានរំលោភចូលទៅក្នុងទឹកដីកម្ពុជា ក៏ដូចជាភាគីកម្ពុជាដែលបានរំលោភចូលមកក្នុងទឹកដីថៃដែរ។ ប្រសិនបើធ្វើបែបនេះបាន ភាពគំរាមកំហែងដល់សន្តិសុខរបស់ប្រទេសថៃនឹងថយចុះ ហើយបន្ទាប់មកទើបចាប់ផ្តើមស្តារទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរឡើងវិញ និងបើកច្រកព្រំដែន ដែលជាដំណាក់កាលចុងក្រោយនៃដំណើរការនេះ។
សម្ដីប៉ុណ្ណឹង បានធ្វើឱ្យ អនុទិន ក្លាយជាចំណីមាត់ពលរដ្ឋថៃ ដោយអ្នកលេងបណ្ដាញសង្គមបានបញ្ចេញមតិ ក៏ដូចជាទស្សនៈ ភ្ញាក់ផ្អើល និងរិះគន់លោក អនុទិន ចំពោះការថ្លែងទទួលស្គាល់ត្រង់ចំណុចថា ថៃ ពិតជា បាន រំលោភចូលដែនអធិបតេយ្យកម្ពុជា ដោយមនុស្សជាច្រើនបាននាំគ្នារិះគន់ថា តើពាក្យសម្តីបែបនេះអាចចេញពីមាត់នាយករដ្ឋមន្ត្រីថៃបានដោយរបៀបណា?

មនុស្សជាច្រើនបានចោទសួរថា តើចំណុចណាដែលប្រទេសថៃបានរំលោភចូលទឹកដីកម្ពុជា? ហើយបានស្នើឱ្យនាយករដ្ឋមន្ត្រីបកស្រាយ។ ពួកគេបន្ថែមថា គ្មានប្រជាជនកម្ពុជាណាម្នាក់និយាយពីការរំលោភបំពាននេះទេ ប៉ុន្តែនាយករដ្ឋមន្ត្រីថៃបែរជានិយាយថា ថៃបានរំលោភចូលទឹកដីកម្ពុជាទៅវិញ។
ការនិយាយរបស់ប្រជាជនថៃ គឺជារឿងមិនពិតទាល់តែសោះ ពលរដ្ឋកម្ពុជា ទូទាំងប្រទេស សូម្បីតែពលរដ្ឋកម្ពុជានៅបរទេសក៏បានដឹង និងផ្សព្វផ្សាយដោយចំហរលើករណីដែលថៃ កំពុងតែឈ្លានពានទឹកដីកម្ពុជា ពិសេសចំណុចភូមិជោគជ័យ និង ភូមិព្រៃចាន់ តើត្រង់ណាដែលពួកគេមកហ៊ានការឡៃការពិតថា ពលរដ្ឋកម្ពុជាមិនបាននិយាយ?


សូម្បីតែសារព័ត៌មានអន្តរជាតិ ដូចជា BBC សារព័ត៌មាន CNA និងសារព័ត៌មានចិន កូរ៉េ ដែលចុះមកយកព័ត៌មានផ្ទាល់ក៏បានរាយការណ៍ពីការឈ្លានពាននិងព័ទ្ធបន្លាលួសលើផ្ទះ ដីចំការ ដែលកងកម្លាំងថៃ បានធ្វើមកលើពលរដ្ឋកម្ពុជា ក្រោយពីបានជួបសម្ភាសន៍ពលរដ្ឋភៀសសឹកដែលរត់ចោលផ្ទះ ដី និង ចំការ ក៏ដូចជាអ្នកភូមិដែលស៊ូទ្រាំហាលភ្លៀងហាលក្ដៅ ទ្រាំធ្វើចំណីមូសដើម្បីការពារកុំឱ្យទ័ពថៃប្រើមធ្យោបាយខ្មៅលុកចូលដីអ្នកភូមិជាបន្តទៀតបាន។
ជាមួយគ្នានោះ លោក សិរិពង្ស អង្គៈសៈកុលកៀត (Siriphong Angkasakulkiat) អ្នកនាំពាក្យប្រចាំទីស្តីការនាយករដ្ឋមន្ត្រី បានចេញមុខបកស្រាយជំនួសថា ការដែលលោកអនុទិន លើកឡើងបែបនោះ គឺគ្រាន់តែជាការ និយាយក្នុងន័យប្រៀបធៀប ក្នុងការគ្រប់គ្រងតំបន់តែប៉ុណ្ណោះ។


លោកបានបកស្រាយថា៖ ការប្រៀបធៀបគឺនៅក្នុងការគ្រប់គ្រងចំណុចទី ៤ ប្រសិនបើភាគីថៃរំលោភចូលទៅក្នុងទឹកដីរបស់គេ ត្រូវតែនាំពួកគេត្រលប់មកដីថៃវិញ និងរកកន្លែងនៅថ្មីឱ្យពួកគេ។ ដូចគ្នានេះដែរ ការដែលកម្ពុជារំលោភចូលមកក្នុងទឹកដីថៃ ក៏ត្រូវតែរកកន្លែងនៅថ្មីជូនអ្នកដែលរំលោភចូលមកក្នុងទឹកដីថៃដូចគ្នា។ តាមគោលការណ៍គ្រប់គ្រង គួរតែធ្វើបែបនេះ។
លោក សិរិពង្ស បញ្ជាក់ថា នាយករដ្ឋមន្ត្រីនិយាយសំដៅលើការគ្រប់គ្រងដែលមានភាពយុត្តិធម៌ មិនមែនសំដៅចំពោះ ឬចង្អុលបង្ហាញជាក់លាក់ថា កន្លែងណាដែលថៃបានរំលោភចូលកម្ពុជានោះទេ ហើយដំណោះស្រាយត្រូវតែផ្អែកលើការពិត។

សារព័ត៌មានថៃ ក៏បានចេញផ្សាយពីកិច្ចពិភាក្សាទ្វេភាគីរវាង អនុទិន ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយមានការចូលរួមពីលោក សីហៈស័ក្ត ពួងកៀតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីក្រសួងការបរទេស និងលោកស្រី សុភៈជី សុថាំផាន់ (Supajee Suthampan) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមទាំងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។
ក្នុងសារព័ត៌មានថៃ បានសរសេរថា នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា មិនទាន់បានពិភាក្សាជាមួយលោក ហ៊ុន ម៉ាណែត ពីរឿងបើកច្រកទេ ចំពោះរឿងការបើកច្រកព្រំដែនវិញ លោក អនុទិន បានឱ្យដឹងថា នាយករដ្ឋមន្ត្រីកម្ពុជានៅមិនទាន់បានលើកឡើងនៅឡើយទេ ព្រោះសម្តេចធិបតីក៏ដឹងថា វាមិនមែនជាពេលវេលាដែលត្រូវនិយាយពីរឿងនេះដែរ ហើយភាគីថៃក៏មិនបានស្នើក្នុងផ្នែកនេះដែរ រហូតទាល់តែការអនុវត្តទាំងអស់ត្រូវបានបញ្ចប់ដោយរលូន។ ប្រសិនបើលក្ខខណ្ឌ ៤ ចំណុចត្រូវបានអនុវត្ត នោះទើបនឹងមកពិភាក្សាពីរឿងទំនាក់ទំនង ហើយនៅពេលដែលទំនាក់ទំនងត្រឡប់ទៅរកភាពប្រក្រតី ទើបនឹងបន្តទៅអនុវត្តរឿងការបើកច្រកព្រំដែន។
បច្ចុប្បន្ននេះពលរដ្ឋថៃ ដែលមិនយល់ និងត្រូវបានក្រុមយោធាលាងខួរក្បាល មិនបានយល់ឡើយអ្វីគឺជាការទូត អ្វីគឺជាច្បាប់អន្តរជាតិ ដោយអ្វីដែលពួកគេដឹង និងទន្ទេញរត់មាត់ដូចសេក គឺទៅតាមការបំភ្លៃដំណឹងពីក្រុមយោធាថៃ និងក្រុមអភិរក្សនិយម ដែលមួលបង្កាច់ លាបពណ៌ និងបង្ខូចកេរ្តិ៍ឈ្មោះ បង្កឱ្យតែពលរដ្ឋថៃមានការយល់ច្រឡំនិងកើតជាកំហឹងខឹងស្អប់មកលើប្រទេសកម្ពុជា កងកម្លាំងកម្ពុជា និងប្រជាជនកម្ពុជា៕

