សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យប្រទេសជាសមាជិកអាស៊ានបូកបី (APT) យកចិត្តទុកដាក់ខ្ពស់ចំពោះសន្ដិភាព ស្ថិរភាព និងពាណិជ្ជកម្មក្នុងតំបន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Khmer Times នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥។

ថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានបូកបី (APT) លើកទី២៨ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ សម្ដេចបានអះអាងសារជាថ្មីអំពីតួនាទីសំខាន់នៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (APT) ក្នុងការលើកកម្ពស់សន្ដិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងអាស៊ីបូព៌ា។

សម្ដេចក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ រួមទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន ជាមួយប្រទេសបូកនីមួយៗ (FTA+1) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ដើម្បីពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិយម ដែលបើកចំហ និងផ្អែកលើវិធានច្បាប់ជាមួយ WTO ជាស្នូលសម្រាប់ជាប្រយោជន៍រួមរបស់ប្រជាជន។

សម្ដេចធិបតី បានលើកឡើងពីឱកាសដ៏សំខាន់នៃសេដ្ឋកិច្ចឌីជីថល និងបានគូសបញ្ជាក់ពីកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ថាជាកត្តាជំរុញកំណើនឌីជីថលក្នុងតំបន់។ សម្ដេចបានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងលើកកម្ពស់ការគ្រប់គ្រងព្រំដែនតាមរយៈយន្តការដែលមានស្រាប់ ក្រោមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ានបូកបី (APT) ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC+3) ផងដែរ។

ក្រៅពីកិច្ចអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ានលើកទី៤៧ នៅប្រទេសម៉ាឡេស៊ីនោះ សម្ដេចធិបតី បានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗជាច្រើនទៀតរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២៦, កិច្ចប្រជុំអាស៊ានបូកបីលើកទី២៨, កិច្ចប្រជុំថ្នាក់ដឹកនាំនៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់លើកទី៥, កិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិលើកទី១៥។ ជាមួយគ្នានោះ សម្ដេចក៏បានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងនាយករដ្ឋមន្រ្តីនៃប្រទេសមួយចំនួនដែរ៕

ប្រភព៖ Khmer Times , AKP

Share.