សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវអនុសាសន៍ និងទិសដៅច្បាស់លាស់សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើការពង្រឹងមូលដ្ឋានគ្រឹះអប់រំ និងការអភិវឌ្ឍធនធានមនុស្សសម្រាប់សតវត្សរ៍ទី២១។

ការដាក់ចេញនូវអនុសាសន៍ដល់ក្រសួងអប់រំរបស់សម្តេចធិបតីនេះ ធ្វើឡើងតាមរយៈសារលិខិតរបស់សម្តេចដើម្បីអបអរបវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២៥-២០២៦ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ខែវិច្ឆិកាឆ្នាំ២០២៥នេះ។

ក្នុងចំណោម អនុសាសន៍នានា សម្តេចធិបតីនាយករដ្ឋមន្ត្រីបានណែនាំដល់ក្រសួងអប់រំផ្តោតការយកចិត្តទុកដាក់ទៅលើកំណែទម្រង់អបរ់រំដែលរួមមាន៖

១. ពង្រឹងមូលដ្ឋានគ្រឹះបឋមសិក្សាឱ្យរឹងមាំ

  • អាទិភាពដំបូង៖ សម្តេចធិបតីបានសង្កត់ធ្ងន់ថា ត្រូវតែពង្រឹងការអប់រំរយៈពេល ១២ឆ្នាំដំបូង គឺចាប់ពីថ្នាក់បឋមដល់វិទ្យាល័យ ដោយក្នុងនោះ ថ្នាក់បឋមសិក្សា គឺជាចំណុចស្នូលដែលត្រូវធ្វើឱ្យរឹងមាំបំផុត។
  • ជំរុញកម្មវិធីអំណាន និងគណិតវិទ្យា៖ ណែនាំឱ្យក្រសួងអប់រំពង្រីក និងជំរុញការអនុវត្តកម្មវិធី “កញ្ចប់អំណាន” និង “កញ្ចប់គណិតវិទ្យា” ដែលកំពុងដំណើរការនៅថ្នាក់ទី១ ដល់ទី៣ ទៅដល់ថ្នាក់ទី៤ ដល់ទី៦ ទូទាំងប្រទេស ដើម្បីធានាឱ្យសិស្សមានមូលដ្ឋានគ្រឹះពិតប្រាកដ។
  • បន្ថែមម៉ោងសិក្សា និងជំនាញជីវិត៖ ជំរុញឱ្យមានការបង្កើនម៉ោងសិក្សា (ប្រមាណ ២ម៉ោងបន្ថែម) សម្រាប់មុខវិជ្ជាស្នូល និងការបញ្ចូលនូវ បំណិនជីវិត (ដូចជា ឥរិយាបថល្អ ការគោរពចាស់ទុំ អនាម័យ) ការងារសង្គម និងការងារស្ម័គ្រចិត្តទៅក្នុងកម្មវិធីសិក្សារបស់សិស្សតូចៗ។

២. ការអប់រំឌីជីថល និងបច្ចេកវិទ្យា

  • បច្ចេកវិទ្យាជាជំនួយ៖ ណែនាំឱ្យមានការរៀបចំកុំព្យូទ័រសម្រាប់សិស្សានុសិស្សបានសិក្សា និងពង្រឹងនូវមុខវិជ្ជាដែលទាក់ទងនឹងបច្ចេកវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់បរិបទពិភពលោកឌីជីថល។
  • គុណភាពគ្រូ និងអភិបាលកិច្ចសាលារៀន:
    • កំណែទម្រង់គ្រូ៖ បន្តអនុវត្តកំណែទម្រង់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀន ដោយតម្រូវឱ្យអ្នកចង់ក្លាយជាគ្រូត្រូវរៀនគរុកោសល្យ ៤ឆ្នាំពេញម៉ោង ដើម្បីធានាគុណវុឌ្ឍិគ្រូ។
    • សាលារៀនគំរូ៖ គាំទ្រការអនុវត្ត “ស្តង់ដាសាលារៀនគំរូ” និង “ពានរង្វាន់សាលាគំរូ” ដើម្បីលើកទឹកចិត្តដល់សាលាដែលមានលទ្ធផលសិក្សាល្អ ទាំងចំណេះដឹង ឥរិយាបថ និងគុណធម៌។

៣. ធានាសមធម៌ និងការចូលរៀនគ្រប់ៗគ្នា

  • គាំពារសិស្សវិលត្រឡប់ពីក្រៅប្រទេស៖ ណែនាំឱ្យក្រសួងអប់រំសហការជាមួយអាជ្ញាធរចុះស្រង់ស្ថិតិ និងជំរុញឱ្យកុមារ និងសិស្សានុសិស្ស ដែលវិលត្រឡប់ពីបរទេស (ដូចជាពីប្រទេសថៃ) អាចចុះឈ្មោះចូលរៀនបានដោយងាយស្រួល និងរៀបចំនីតិវិធីពិសេស ដោយ មិនចាំបាច់តម្រូវឯកសារពេញលេញ ដូចជាសំបុត្រកំណើត ឬសៀវភៅគ្រួសារជាដើម។
  • សុវត្ថិភាពសាលារៀន៖ ណែនាំឱ្យពិនិត្យ និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះនៅតាមសាលារៀនដែលរងផលប៉ះពាល់ ដើម្បីធានាសុវត្ថិភាពដល់ការបង្រៀន និងរៀន៕
Share.