ករណីដែលកំពុងតែមានការចាប់អារម្មណ៍ច្រើននៅលើបណ្ដាញសង្គមនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ក្រោយមានក្មេងប្រុសវ័យ១៤ឆ្នាំម្នាក់ឈ្មោះ សល្យ ស៊ីធីណែត បានដាក់ពាក្យស្នើសុំអន្តរាគមន៍ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឲ្យជួយម្តាយរបស់ខ្លួនឈ្មោះ អែម ចន្ទី ដែលកំពុងជាប់ពន្ធនាគារ រឿងជំពាក់ប្រាក់ម្ចាស់បំណុលទាំងដើមទាំងការរហូតដល់១លាន១៧ម៉ឺនដុល្លារ ព្រមទាំងដាក់បញ្ចាំប្លង់ដី និងប្លង់ផ្ទះទៀតផងដែរ (លុយដើមដែលខ្ចីមានចំនួន ៤៥ម៉ឺនដុល្លារ)។
ក្រោយមានបណ្ដឹងសុំអន្តរាគមន៍របស់ក្មេងប្រុសខាងលើ នៅថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៥ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញរបាយការណ៍បឋមចំពោះករណីនេះ ក្រោយបញ្ចប់ការសួរនាំ និងធ្វើការស្រាវជ្រាវ ក្រោមការដឹកនាំរបស់លោក យ៉ិនទៀង ពុទ្ធិរិទ្ធ ប្រធានស្តីទីអង្គភាព និងលោក យ៉ិនទៀង ពុទ្ធរ៉ា ឧបការី នៃអង្គភាព ដែលមានក្រុមការងារស្រាវជ្រាវចំនួន៦នាក់។

តាមរបាយការណ៍បឋមអំពីការស្រាវជ្រាវរហ័សរបស់ក្រុមការងារ (ACU) បានបង្ហាញថានៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ លោកស្រី អែម ចន្ទី ខ្ចីប្រាក់ពីលោក គិត សំណាង ចំនួន ៤៥ម៉ឺនដុល្លារ ដោយបានទទួលប្រាក់ ចំនួន ០២លើក។ លើកទី១ ចំនួន ៣៥ម៉ឺនដុល្លារ ដើម្បីយកទៅដោះបំណុលជាមួយធនាគារ Mega International Commercial Bank និងលើកទី២ ចំនួន ១០ម៉ឺនដុល្លារ ដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន។ ការខ្ចីប្រាក់ ៤៥ម៉ឺនដុល្លារ នេះ មាន រយៈពេល ០៦ខែ (០១/៨-២០២០-០១/២-២០២១) ការប្រាក់ ១.៧%/១ខែ ស្មើនឹង ៧៦៥០$ និងប្រាក់ព័និយការយឺតយ៉ាវ ៣០០$/១ថ្ងៃ និងដាក់បញ្ចាំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 12060107-0051 ចុះថ្ងៃទី២៨/៥-២០០៨ ស្ថិត នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលខ្លួនទើបលោះបានពីធនាគារមកឱ្យម្ចាស់បំណុល។
ក្រោយខ្ចីលុយចំនួន៤៥ម៉ឺនដុល្លារ ជាមួយការដាក់បញ្ចាំប្លង់ផ្ទះនៅខណ្ឌមានជ័យ និងរហូតយកដាក់ប្លង់ដីនៅខេត្តស្ទឹងត្រែង ប៉ុន្តែស្រ្តី អែម ចន្ធី មិនមានលទ្ធភាពសងនោះទេ បើទោះមានចេញសែកជូនម្ចាស់បំណុលក៏ដោយ តែសុទ្ធតែសែកមិនមានសាច់ប្រាក់។
ក្រោយមិនមានលទ្ធភាពសងម្ចាស់បំណុល គិតសរុបប្រាក់ដើម និងប្រាក់ការបានឡើងដល់ជាង ១លានដុល្លារ លោក គិត សំណាង ជាម្ចាស់បំណុលក៏បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។ ក្រោយម្ចាស់បំណុលដាក់ពាក្យប្តឹងទៅតំណាងអយ្យការ ហើយត្រូវបានតុលាការបន្តនីតីវិធី រហូតឈានដល់ការឃាត់ខ្លួនស្រ្តីរូបនេះដាក់ពន្ធនាគារ តាមអំណាចសាលក្រមដែលផ្តន្ទាទោសគាត់២ឆ្នាំ ជាមួយការតម្រូវឲ្យសងលុយទៅម្ចាស់ដើមវិញ។
ទាក់ទងនឹងករណីនេះ (ACU) កំពុងស្ថិតនៅក្នុងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ហើយ ACU បានជូនយោបល់ដល់លោកស្រី អែម ចន្ធី និងមេធាវី ត្រូវបង្ហាញភស្តុតាង និងដាក់ពាក្យទៅតុលាការកំពូល ព្រោះនៅមានឱកាសស្វែងរកយុត្តិធម៌នៅឡើយ៕






