យោងតាមទីបញ្ជាការកងពន្លត់អគ្គិភ័យខេត្ត Chungcheong ភាគខាងត្បូង អគ្គិភ័យបានឆាបឆេះនៅម៉ោងប្រហែល ៦:០៨ នាទីព្រឹក មុនពេលបុគ្គលិកចូលធ្វើការ។ ភ្លើងបានចាប់ផ្តើមឆេះនៅ ជាន់ទី ៤ នៃឃ្លាំងស្តុកទំនិញ ហើយបានរាលដាលយ៉ាងលឿន ដោយសារមាន ទំនិញសម្លៀកបំពាក់ និងស្បែកជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាប្រភពឥន្ធនៈ។ ឃ្លាំងនេះមានទំហំជាង ១៩៣.០០០ ម៉ែត្រការ៉េ ហើយបានស្តុកទុកទំនិញ ជាង ១១ លានមុខ។

ក្រុមឆ្លើយតបបន្ទាន់ចំពោះគ្រោះមហន្តរាយ បានប្រឈមមុខនឹងអណ្តាតភ្លើងដ៏សន្ធោរសន្ធៅ ផ្សែងហុយខ្មៅក្រាស់ និងច្រកចូលដែលត្រូវបានបិទ។ ក្នុងរយៈពេលមួយម៉ោង អាជ្ញាធរពន្លត់អគ្គិភ័យបានប្រកាស ភាពអាសន្នកម្រិត ២ (Level 2 emergency) ដោយកៀរគរក្រុមបុគ្គលិក ៤៣០ នាក់ យានយន្ត ១៥០ គ្រឿង និងឧទ្ធម្ភាគចក្រ ១១ គ្រឿង។

បន្ទាប់ពីឆាបឆេះរយៈពេល ជាង ៩ ម៉ោង ភ្លើងត្រូវបានគ្រប់គ្រងបាន ប៉ុន្តែចំណុចខ្លះ បានបន្តឆាបឆេះរហូតដល់ពេលយប់។ ក្រុមពន្លត់អគ្គិភ័យថែមទាំងបានដាក់ពង្រាយ ប្រព័ន្ធបាញ់ទឹកកាណុង ដែលមានសមត្ថភាពខ្ពស់ពីទីក្រុង Ulsan ដែលជាប្រព័ន្ធតែមួយគត់នៅក្នុងប្រទេស។ ប្រព័ន្ធនេះអាចបាញ់ទឹកបាន ៤៥.០០០ លីត្រក្នុងមួយនាទី ដែលមានសមត្ថភាពប្រហែល ២០ ដងនៃរថយន្តពន្លត់អគ្គិភ័យស្តង់ដារ។

ប្រតិបត្តិការឧទ្ធម្ភាគចក្រត្រូវបានបញ្ឈប់បន្ទាប់ពីថ្ងៃលិច ខណៈដែលក្រុមការងារបានប្តូរទៅប្រើកម្លាំងបង្រ្កាបពេញមួយយប់។ ទំហំនៃការខូចខាតគឺធ្ងន់ធ្ងរ។ ផ្នែកខាងជើង នៃឃ្លាំងបាន បាក់រលំ មួយផ្នែក ខណៈដែលផ្នែកខាងក្រៅភាគខាងត្បូងត្រូវបានរបូតចេញ ដោយសារកម្ដៅនិងអណ្តាតភ្លើង។ វិស្វកររចនាសម្ព័ន្ធនៅទីតាំងបាននិយាយថា សសរទ្រូងខាងក្នុងរបស់អគារទំនងជា ខ្ទេចខ្ទាំងពីខាងក្នុង ដោយសារតែ សម្ពាធកម្ដៅ។

ទោះបីជាមូលហេតុនៅតែស្ថិតក្រោមការស៊ើបអង្កេតក៏ដោយ ក៏ទីតាំងនេះធ្លាប់បានជួបប្រទះអគ្គិភ័យតូចមួយ កាល​ពី ៩ ថ្ងៃមុន ផងដែរ។ ក្រុមហ៊ុន E-Land Group បានថ្លែងថា ឧបទ្ទវហេតុនោះ មិនមានជាប់ពាក់ព័ន្ធ នឹងអគ្គិភ័យថ្មីនេះទេ ហើយបានបញ្ជាក់ថាការស៊ើបអង្កេតពេញលេញនឹងចាប់ផ្តើមនៅពេលដែលទីតាំងមានសុវត្ថិភាព​។ ឃ្លាំងនេះបានបើកដំណើរការក្នុងឆ្នាំ ២០១៤ ហើយបានដំណើរការកញ្ចប់ទំនិញរហូតដល់ ៥ លានកញ្ចប់ក្នុងមួយឆ្នាំ៕

Share.