សារព័ត៌មានបរទេសផ្លូវការរបស់ពិភពលោកដូចជា CNN, Aljazeera, Reuter, The Straits times , CNBC ជាដើមបានចេញផ្សាយអត្ថបទមួយនាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយប្រើចំណងជើងធំៗ ថា «ថៃបើកការវាយប្រហារតាមផ្លូវអាកាសមកលើកម្ពុជា ខណៈកិច្ចព្រមព្រៀងសន្តិភាពរបស់លោកត្រាំ កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់» , «ថៃបើកការវាយប្រហារតាមផ្លូវអាកាស តាមបណ្ដោយព្រំដែនកម្ពុជា បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវ»។ល។

ក្នុងខ្លឹមសារអត្ថបទរបស់ CNN បានសរសេរថា ប្រទេសថៃបានចាប់ផ្តើមការវាយប្រហារតាមផ្លូវអាកាសលើកម្ពុជានៅថ្ងៃចន្ទ នេះ ខណៈដែលរលកថ្មីនៃការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងប្រទេសជិតខាងអាស៊ីអាគ្នេយ៍ទាំង២ ដែលបានបង្ហាញពីការរលាយបាត់នៃការដួលរលំនៃផែនការសន្តិភាពក្រោមអធិបតីភាពប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ កាលពី ២ខែមុន។

ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ដោយបានបើកការវាយប្រហារនៅតាមព្រំដែនកម្ពុជា-ថៃ ចាប់តាំងពីថ្ងៃអាទិត្យ បន្ទាប់ពីកើនឡើងភាពតានតឹងជាច្រើនសប្តាហ៍ ដែលភាគីថៃ បានបំផ្លាញកិច្ចព្រមព្រៀងសន្ដិភាពដែលមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានអាស៊ាន លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អានវ៉ា អ៉ីប្រាហ៊ីម ជាសាក្សី។

ជុំវិញការប្រយុទ្ធគ្នាចុងក្រោយនេះ មន្ត្រីយោធាថៃម្នាក់បាននិយាយថា ការវាយប្រហារតាមអាកាសមកលើទីតាំងយោធាកម្ពុជា គឺជាការសងសឹកចំពោះការវាយប្រហាររបស់កម្ពុជាកាលពីព្រឹកថ្ងៃចន្ទ ដែលបានសម្លាប់ទាហានថៃម្នាក់ និងរបួសពីរនាក់ទៀត។

យ៉ាងណាម៉ិញ ក្រសួងការពារជាតិកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។

យោងតាមការកត់ត្រានូវការបង្កហេតុរបស់យោធាថៃ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤:១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤:៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជាពុំបានបាញ់តបតអ្វីឡើយ។

លើសពីនេះ នៅវេលាម៉ោងប្រមាណ ២០:០២នាទីយប់ យោធាថៃបានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជាជាលើកទីពីរ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្រ្តអូរផ្កាស្នេហ៍។ បន្ទាប់មក នៅវេលាម៉ោង ២០:៣០នាទី កងកម្លាំងយោធាថៃបានបន្តបាញ់ប្រហារមកលើទាហានកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាទីតាំងដែលយោធាថៃបានបើកការបាញ់ប្រហារកាលពីរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់។ សកម្មភាពបាញ់ប្រហាររបស់កងកម្លាំងយោធាថៃ បានបញ្ឈប់ការបាញ់របស់ខ្លួននៅវេលាម៉ោង ២០:៥០នាទីយប់។

លុះមកដល់ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ។

ទោះជាយ៉ាងណា កម្ពុជាសូមគូសបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែល
មានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ ព្រោះសង្គ្រាមមិនអាចបញ្ចប់ដោយការធ្វើសង្គ្រាមបានទេ៕

Share.