ក្រសួងបរិស្ថានអនុវត្តទៅតាមច្បាប់ដោយគ្មានការលើកលែងចំពោះក្រុមហ៊ុនបំពុលបរិស្ថាន ដោយផ្អែកទៅលើក្រមបរិស្ថាននិងធម្មជាតិ។ នេះបើតាមប្រសាសន៍លើកឡើង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននាល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញ ដឹកនាំមន្ត្រីជំនាញក្រសួង សហការជាមួយតំណាងក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន ចុះពិនិត្យ ទីតាំងអាជីវកម្មក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD ដែលបំពុលបរិស្ថាននៅតំបន់អូរឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់ និងក្រុមហ៊ុន ត្រូវបិទអាជីវកម្មជាបណ្តោះអាសន្ន ហាមមិនឱ្យធ្វើសកម្មភាព និងស្នើដល់អាជ្ញាធរ ដាក់កម្លាំងសមត្ថកិច្ចឲ្យបន្តតាមដានចំពោះសកម្មភាពក្រុមហ៊ុន ជៀសវាងក្រុមហ៊ុនធ្វើសកម្មភាពជីករ៉ែបន្តទៀត។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បញ្ជាក់ថា ក្រសួងបរិស្ថាន នឹងសិក្សាយ៉ាងលម្អិតអំពីហេតុប៉ះពាល់ដល់បរិស្ថាននិងការប៉ះពាល់ដល់ជីវិតសត្វពាហនៈ និងជីវភាពរស់នៅ របស់ប្រជាជន។ ក្រសួងនឹងចាត់វិធានការឱ្យក្រុមហ៊ុនស្ដារផលប៉ះពាល់លើបរិស្ថាន រៀបចំអាងប្រព្រឹត្តិកម្មទឹកកខ្វក់ មុនបញ្ចេញ និងផ្ដល់សំណងដល់ការខូចខាតបរិស្ថាន។

សូមបញ្ជាក់ថា ក្រសួងបរិស្ថានបានចាត់វិធានការបន្ទាន់ដោយសម្រេចបិទអាជីវកម្ម បណ្តោះអាសន្នក្រុមហ៊ុនខាងលើនេះបន្ទាប់ពីរកឃើញថា ក្រុមហ៊ុនបានប្រព្រឹត្តល្មើសច្បាប់បរិស្ថាន ដោយបានបញ្ចេញសំណល់រាវមិនត្រឹមត្រូវប៉ះពាល់ប្រព័ន្ធទឹកអូឬស្សីក្នុងភូមិសាស្ត្រឃុំខ្លុងពពក ឃុំជាប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

ក្រសួងបរិស្ថាន ស្នើសុំដល់អាជ្ញាធរធ្វើការជូនដំណឹង ដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធនៅក្នុងតំបន់ទឹកអូរឬស្សី ក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ផ្អាកការប្រើប្រាស់ទឹក ការនេសាទ ឬយកសត្វចិញ្ចឹមចុះផឹកទឹកអូរ ជាបណ្តោះអាសន្ន រហូតដល់មានការណែនាំជាថ្មី។ ឯកឧត្តរដ្ឋមន្ត្រី បានណែនាំឱ្យមន្ត្រីជំនាញសហការជាមួយអាជ្ញាធរពាក់ព័ន្ធស្តារបរិស្ថានឡេីងវញ នៅទីតាំងក្រុមហ៊ុន និងនៅតាមប្រព័ន្ធអូរ អូរឫស្សី ។

ក្រុមហ៊ុន ត្រូវបានរកឃើញការគ្រប់គ្រងសំណល់រាវពុំបានត្រឹមត្រូវ ដោយអាងស្តុកសំណល់រាវជាស្រះស្តុកធម្មតាមិនមានបំពាក់ប្រព័ន្ធសម្អាតត្រឹមត្រូវទេ ដោយគ្រប់សំណល់រាវចេញពីទីតាំងកិន និងរែងរ៉ែបានបង្ហូរលាយឡំជាមួយប្រព័ន្ធលូទឹកភ្លៀង។ លើសពីនេះ ក្រុមហ៊ុនមិនមានកន្លែងទុកដាក់សំណល់រឹង និងសារធាតុគ្រោះថ្នាក់ ត្រឹមត្រូវនៅឡើយទេ។ លើសពីនេះ ក្រុមហ៊ុនពុំបានអនុវត្តធ្វើរបាយការណ៍បាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមាន។

តាមលទ្ធផលសំណាកទឹកទាំង៦ទីតាំងខាងលើ គឺមានស្ថានភាពគុណភាពទឹកមិនអនុលោម តាមស្តង់ដារទឹកសាធារណៈ ជាពិសេសប៉ារ៉ាមែត្រ Cyanide នៅចំនួន៥ទីតាំង មានកំហាប់ប្រែប្រួល ទាប់ ខ្ពស់ ។ សារធាតុ Cyanide នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងវិស័យឧស្សាហកម្ម សម្រាប់ចម្រាញ់រ៉ែមាស។ ចំពោះប៉ារ៉ាមែត្រ CODCr ជាប៉ារ៉ាមែត្របញ្ជាក់ពីសាធាតុគីមីចេញពីរោងចក្រ ដែលជាធម្មតាមិនអាចរកឃើញនៅក្នុងទឹកធម្មជាតិ គឺត្រូវបានរកឃើញគ្រប់ទីតាំងយកសំណាកទាំងអស់ ទោះបីជាស្ថិតក្នុងកម្រិតទាបក៏ដោយ៕

អត្ថបទ៖ ត្រយងតូច

Share.